​​
​ភូមិ​ចំនួន​៥ ក្នុង​ស្រុក​ល្វាឯម ត្រូវបាន​មន្ទីរជំនាញ​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 244នាក់) - Mon,25 May 2020 (Time 03:17 AM)

(​ខេត្ត​កណ្តាល​)÷ លោក ទៀង កុ​ស្យារៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សូរិយោដី ខេត្ត​កណ្ដាល បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការចង្អុលបង្ហាញ​ពី​ទីតាំង​ដី ព្រំដី ហើយ​ត្រូវ​ផ្ដល់​ព័ត៌មាន​ផ្ទាល់មាត់ និង​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​ទាំងឡាយ​ដែល​ក្រុមការងារ​ត្រូវការ ដើម្បី​ប្រមូល​ទិន្នន័យ​ទាំងនោះ​ឲ្យបាន​គ្រប់គ្រាន់ តាម​នីតិវិធី​ដែល​បានកំណត់​ជៀសវាង​កុំឲ្យ​កើតមាន​នូវ​កំហុសឆ្គង​ណាមួយ​ក្នុង​ការចុះបញ្ជី និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន​លឿន​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​បាន​ធ្វើឡើង​នៅ​ស្រុក​ល្វាឯម កាលពី​ព្រឹក​ថ្ងៃ​ទី​ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ​២០២០ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​មកពី​៥​ភូមិ មាន​ភូមិ​ពាម​តា​ឯក ភូមិ​ព្រែក​តា​អុង​ទី​១ ភូមិ​ព្រែក​តា​អុង​ទី​២ ភូមិ​ព្រែក​តា​អុង​ទី​៣ និង​ភូមិ​វាល​ធំ ក្នុង​ឃុំ​ពាម​ឧកញ៉ា​អុង ។​

​លោក​បាន​បន្តថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី ជាមួយ​មន្ត្រី​ជំនាញ​គឺ​សំខាន់​ខ្លាំងណាស់ គឺ​បាន​ជំរុញ​ឲ្យ​ក្រុម​ការងារធ្វើការ​បាន​ឆាប់រហ័ស​តាម​ការគ្រោងទុក និង​ឆាប់​បាន​ផ្ដល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប័ណ្ណកម្មសិទ្ធិ​) ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​។​

​ក្នុងឱកាស​នោះ​ដែរ លោក យី យ៉េន អភិបាលរង​ស្រុក​ល្វាឯម បានបញ្ជាក់​ថា ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់ ពីព្រោះ​នៅ​ពេល​ដែល​បងប្អូន​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ធ្វើឲ្យ​ដីធ្លី​របស់ប្អូន​មាន​តម្លៃ​ថ្លៃ ងាយស្រួល​ក្នុង​ការទិញ​លក់ អាចដាក់​បញ្ចាំ​នៅ​តាម​ធានា​គារ​បាន​ងាយស្រួល​នៅពេល​ចាំបាច់ ពិសេស​ធ្វើឲ្យ​កាត់បន្ថយ​នូវ​ទំនាស់​ព្រំដី និង​អាច​ការពារ​ដី​របស់​បងប្អូន​ពី​ការរំលោភ​យក​ដីធ្លី​ដោយ​ខុសច្បាប់​ផង​ដែរ​។​

​លោក​បាន ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំង​ត្រូវ​យកចិត្តទុកដាក់​បំផុត​ជាមួយ​អាជ្ញាធរ និង​ក្រុម​ការងារ​មន្ត្រី​ជំនាញ​ដើម្បី​ពន្លឿន​ក្នុង​ការវាស់វែង និង​ការប្រមូល​ទិន្នន័យ​នានា ដើម្បី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស និង​ត្រឹមត្រូវ​ដូច្នេះ​បងប្អូន​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ឱ្យបាន​យល់ដឹង ត្រូវ​សហការ សម្រួល​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចំពោះ​ម្ចាស់​ដី​ត្រូវ​និយាយ​គ្នា​ឱ្យ​ដាច់​ស្រេច​ជាមួយ​នឹង​ព្រំ​ដី​របស់​អ្នកជិតខាង ត្រូវ​បោះបង្គោល​ឲ្យបាន​ច្បាស់លាស់ ត្រូវ​ចង្អុលបង្ហាញ​ទីតាំង​ដី​ដោយ​ផ្ទាល់​ជាមួយ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​សម្រួល​ឲ្យ​ក្រុមការងារ​អាចអនុវត្ត​ការងារ​បានរ​លូន និង​ជោគជ័យ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​

វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 445 នាក់
ម្សិលមិញ ​ 700 នាក់
សប្តាហ៍នេះ​ 39492 នាក់
សរុបទាំងអស់​ 432962 នាក់