​​
​ប្រកាស​ចូល​កាន់​មុខតំណែង លោក គង់ គី​មនី ជា​អភិបាលរង​ខេត្ត​ក្រចេះ ជំនួស ឯកឧត្តម ខ័ណ្ឌ ចំណាន ដែល​ត្រូវបាន​ផ្ទេរ ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 97នាក់) - Thu,16 July 2020 (Time 03:33 AM)

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ចើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង លោក គង់ គី​មនី ជា​អភិបាលរង​ខេត្ត​ក្រចេះ ជំនួយ ឯកឧត្តម ខ័ណ្ឌ ចំណាន ដែល​ត្រូវបាន​ផ្ទេរ ភារកិច្ច​ទៅ​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​មានប្រសាសន៍​ស្វាគមន៍​គណៈអធិបតី ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​លើកឡើង​អំពី​ស្ថានភាព​ភូមិសាស្ត្រ ការគ្រប់គ្រង ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ​ក្នុង​ខេត្ត មាន​លក្ខណៈ​ល្អប្រសើរ និង​មាន​សមិទ្ធផល​នានា​រីកចម្រើន លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុងនោះ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សុខសន្តិភាព សណ្ដាប់ធ្នាប់​សង្គម និង​សក្តានុពល ក្នុង​ខេត្ត ក្រោម​ការដឹកនាំ​របស់​រដ្ឋបាលខេត្ត បាន​ខិតខំ​អនុវត្ត​ការងារ​យ៉ាង​សកម្ម ដើម្បី​សម្រេច​ឲ្យបាន​ជោគជ័យ​នូវ​ការអនុវ​ត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​គ្រប់ ដំណាក់កាល​ជា​បន្តបន្ទាប់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ធានាបាន​នូវ​ការរក្សាសន្តិសុខ សុវត្ថិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​ដោយ​ផ្អែក​លើ​វិស័យ​សំខាន់ៗ ដែល​ជា​វិស័យ​អាទិភាព រួមមាន​៖ វិស័យ​កសិកម្ម ការកសាង​ជួសជុល​ហេ​ដ្ឋា​រចនាសម្ពន្ធ័​រូបវន្ត័ ការអប់រំ​បណ្ដុះបណ្ដាល ធនធានមនុស្ស សុខាភិបាល ទេសចរណ៍ និង​អគ្គីសនី ជាដើម​។​

​លោក គង់ គី​មនី បាន​ឡើង​ធ្វើការ​ប្ដេជ្ញាចិត្ត​ខិតខំ​បំពេញភារកិច្ច បម្រើសេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព តម្លាភាព និង​ប្រសិទ្ធភាព រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ឆ្លើយតប​នឹង​រាជរដ្ឋាភិបាល​ដែល​បាន​ផ្ដល់​ទំនុកចិត្ត​តែងតាំង​លោក ជា​អភិបាលរង​ខេត្ត​ក្រចេះ នាពេល​នេះ​ផង​ដែរ​។​

​ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ គណៈបញ្ជាការ ឯកភាព​ខេត្ត ក្រុង ស្រុក ដែល​បាន​ខិតខំ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ការគ្រប់គ្រង​សភាពការណ៍​ក្នុង ខេត្ត​ទាំងមូល​បានល្អ ប្រសើរ បាន​រួមចំណែក​ក្នុង​ការពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។
​ឯកឧត្តម ក៏​បាន​បាន​ជំរុញ​ដល់​គណៈបញ្ជាការ​ឯកភាព គ្រប់​ថ្នាក់ ត្រូវ​ខិត​បន្តទៀត ពង្រឹង​ការងារ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដើម្បី​បង្ក្រាប​រាល់​គ្រប់ មុខសញ្ញា ដែល​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​។ ត្រូវ​លើកកម្ពស់​ការទទួលខុសត្រូវ របស់​កងកម្លាំង​សមត្ថកិច្ច ជំរុញ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ត្រូវ​ចូលរួម​អនុវត្ត​តាម​វិធានការ​ការពារ ទប់ស្កាត់​ការ រាត្បា​តនៃ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​ឯកឧត្តម ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការផ្លាស់ប្តូរ​តួនាទី ភារកិច្ច និង​ផ្តល់​តំណែង​ក្នុង​ការ ដឹកនាំ​នេះ គឺ​ដោយសារ​ឯកឧត្តម ខ័ណ្ឌ ចំណាន បាន​ដល់​អាណត្តិ​បំពេញ​ការងារ​រយៈពេល ០៨​ឆ្នាំ ក្នុង​តួនាទី​ជា​អភិបាលរង​ខេត្ត ស្របតាម​ច្បាប់​កំណត់​។ គោលការណ៍​នេះ គឺ​ដើម្បី​ធានា​ឲ្យ​មន្ត្រី​ដឹកនាំ​នៅ​មូលដ្ឋាន​ទាំងអស់ ខិតខំ​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​រៀនសូត្រ ដក​បទពិសោធន៍​ក្នុង​ជួរ​មន្ត្រី​ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ ពី​មូលដ្ឋាន​មួយ ទៅ​មូលដ្ឋាន​មួយទៀត​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក គង់ គី​មនី ដែល​ទើប​ទទួលបាន​ការតែងតាំង​មុខតំណែង​ថ្មី​នេះ ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន តាមរយៈ​បទពិសោធន៍​ដែល​មាន​ពីមុនមក ដើម្បី​បន្ត​ចូលរួម​ក្នុង​ការងារ​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍​នៅ​រដ្ឋបាល​ខេត្ត​ក្រចេះ ឲ្យ​កាន់តែ​រីកចម្រើន និង​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​៕


វីដេអូ ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 89 នាក់
ម្សិលមិញ ​ 116 នាក់
សប្តាហ៍នេះ​ 1115 នាក់
សរុបទាំងអស់​ 439995 នាក់