
ឃ្លាំងស្តុកឈើ២កន្លែងរបស់មេឈ្មួញឈើឈ្មោះ ចាន់ណា ជាឈ្មួញដឹកឈើធំជាងគេនៅក្នុងខេត្តសៀមរាប ត្រូវបានចុះបង្រ្កាបកាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥
សៀមរាប៖ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើសហការជាមួយជំនាញប៉ូលីសសេដ្ឋកិច្ចចុះត្រួតពិនិត្យទីតាំងស្តុកឈើចំនូន២កន្លែង ទីតាំងទី១ស្ថិតលើផ្លូវសាម៉េត ភូមិខ្នារថ្មីសង្កាត់ជ្រាវ ទី២ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរៀប ខេត្តសៀមរាប ក្រោមការចង្អុរបង្ហាញពីឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត ក្រោមការរាយការណ៍ពីលោក តាន់ គឹម សួ សកម្មជនការពារព្រៃឈើ ទីតាំងទាំង២ខាងលើជារបស់មេឈ្មួញឈើឈ្មោះ ចាន់ណា។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ក្រោយពីបានទទួលបទបញ្ជាពីឯកឧត្តមអភិបាលខេត្តសៀមរាប ជំនាញរដ្ឋបាលព្រៃឈើ សង្កាត់ ផ្នែក ហាក់មានភាពខ្ជីខ្ជារមកមួយបាត់មួយដូចជាមិនស្រុះគ្នា ហើយក៏បានសហការជាមួយកម្លាំងជំនាញប៉ូលីសសេដ្ឋកិច្ចបានចុះធ្វើការត្រួតពនិត្យ និងបង្ក្រាបបានម៉ាស៊ីនរ៉ៃ ជ្រៀកឈើមួយគ្រឿងស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ដែលកូនចៅមេឈ្មួញឈើឈ្មោះ ចាន់ណា បម្រុងនឹងដឹកជម្លៀសរត់តែត្រូវមន្ត្រីជំនាញបានស្ទាក់ជាប់នៅមុខឃ្លាំង និងឈើជាច្រើនម៉ែត្រគូប រាល់វត្ថុតាងកម្លាំងជំនាញចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកឯលោក ចាន់ណា ដែលជាម្ចាស់ទីតាំងខាងលើបានរត់គេចខ្លួនបាត់។
គួររំលឹកផងដែរថា កាលពីថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជអាជ្ញា និងកម្លាំងទាហ៊ានស៊ុប បានចាប់ឡានបែនខ្នាតយក្សដែលកំពង់តែលើកបទល្មើសព្រៃឈើ ដាក់ចូលឡាននៅចំណុចភូមិសែនរុងរឿងពីរ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំក៏បានចុះផ្សាយម្តងហើយដែរ។
យោងតាមការលើកឡើងពីប្រជាពលរដ្ឋបានលើកឡើងថា លោក ចាន់ណា ជាឈ្មួញឈើជើងខ្លាំងប្រចាំខេត្តសៀមរាប ដោយឈើមួយចំនួនធំបានដឹកជញ្ជូនចេញពីចំណុចអូជុញ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយធ្វើការដឹកជញ្ជូនជាលក្ខណៈទ្រង់ទ្រាយធំសុទ្ធតែឡានវេអងកែច្នៃ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺដឹកដោយឡានបែនកង់ដប់ ឆ្លងកាត់តាមស្រយ៉ង់ ស្វាយលើ រួចយកមកទុកក្នុងឃ្លាំងរ៉ៃជ្រៀកឈើនៅចំណុចទីតាំងខាងលើ រួចបន្តដឹកជញ្ជូនចែកចាយតាមដេប៉ូនានាក្នុងខេត្តសៀមរាប។
ប្រភពដដែលបានបន្តថា សកម្មភាពដឹកជញ្ជូនឈើរបស់លោក ចាន់ណា រូបនេះបានដឹកបទល្មើសព្រៃឈើយូរឆ្នាំមកហើយ និយាយរួមគឺឡើងដុះស្លែទៅ ពុំដែលឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញារធរ ឬមន្ត្រីជំនាញពាក់ព័ន្ធបង្ក្រាបម្តងណាឡើយ ប៉ុន្តែមកដល់ពេលនេះមិនដឹងថា លោក ចាន់ណា ដែលជាឈ្មួញឈើរូបនេះត្រូវអស់លក្ខិ៍ក្រោយពេលលោក តាន់ គឹមសួ បានរាយការណ៍ទៅ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ស្រាប់តែមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់ និងបង្ក្រាបយ៉ាងសស្រាក់សស្រាំ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិបានកោតសរសើរដល់មន្ត្រីជំនាញពាក់ព័ន្ធ និងលោក តាន់ គឹមសួ ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិដែលជារបស់រដ្ឋ និងទប់ស្កាត់ដល់ក្រុមឈ្មួញដែលកំពង់បំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ជាតិ និងពិសេសជាងនេះទៅទៀត ប្រសិនបើពួកយើងរួមគ្នាថែរក្សាធនធានធម្មជាតិព្រៃឈើនេះបាន វាអាចជួយកែបញ្ហាបំរែបម្រួលអាកាសធាតុនៅពិភពលោកបានដែរ។
ជុំវិញករណីបទល្មើសព្រៃឈើខាងលើនេះអង្គភាពគេហទំព័រខ្មែរឦសាន យើងខ្ញុំផ្សាយតែ រឿងពិត ពុំមានចេតនាញុះញង់មួលបង្កាច់ ធ្វើឱ្យប៉ះពាល់ដល់ដល់អង្គភាព ឬស្ថាប័នដែលពាក់ព័ន្ធណាឡើយ ផ្សាយតាមក្រមសីលធម៌និងវិជ្ជាជីវៈនៃ របបសារព័ត៌មាន អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយពីគ្រប់ភាគីដែលពាក់ព័ន្ធ គ្រប់ពេលនិងម៉ោងធ្វើការ សូមអរគុណ៕
អត្ថបទដោយខ្មែរឦសាន