ទំនប់មេទឹកឃុំតាសាលស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ត្រូវបានបុគ្គលមានបុណ្យស័ក្តិនិងអំណាចចាក់ដីរំលោភយកកាន់កាប់ជាកម្មសិទ្ធិរបស់ខ្លួន

កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះអង្គភាពយើងបានចុះផ្តិតរូបភាពផ្ទាល់រួមជាមួយអង្គភាពថ្ងៃ ៧មករា ពិតជាមានការចាក់ដីរំលោភកាន់កាប់ចូលទៅក្នុងទំនប់ទឹកអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនពិតប្រាកដមែន។

យោង​តាម​ប្រភព​ពី​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំងខាងលើ​បាន​ប្រាប់​មក​កាន់​អ្នក​កាសែត​យើង​ខ្ញុំថា មានបុគ្គលមានអំណាចម្នាក់ជាអ្នកមានលុយឈ្មោះ លោក មាស ឌី ដែលមានអាសយដ្ឋានផ្ទះលេខ ២៦៨ ផ្លូវលេខ ៦៥៦ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាក់ដីរំលោភយកផ្ទៃទំនប់ អូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ចម្ងាយប្រហែលជាង១០០ម៉ែត្រ បានធ្វើឱ្យពួកគាត់ផ្ទុះការរិះគន់ជាខ្លាំងទៅលើអាជ្ញាធរ ដែលគុបឃិតគ្នាជាប្រព័ន្ធជាមួយអ្នកមានបុណ្យសក្តិ និងមានអំណាច តើលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺលោកបានជ្រាបដែរឬយ៉ាងណា?

ទោះបី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងលេខ១០៨ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ មកក៏ដោយ បុគ្គលម្នាក់នេះបានត្រឹមតែធ្វើកិច្ចសន្យា យល់ព្រមកើបចេញ​តែរហូត​មកដល់ថ្ងៃ១៣  ខែមិថុនា  ថ្នាំ២០២៥ នេះលោក មាស  ឌី ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញនោះ មិនព្រមគោរពទៅតាមកិច្ចសន្យារបស់ខ្លួន បានចុះហត្ថលេខាយល់ព្រមនោះឡើយ។

ជាក់ស្ដែងរហូតដល់បច្ចុប្បន្ននេះ នៅតែពុំទាន់ឃើញកាយអាចម៍ដីចេញពីទំនប់តាសាលនេះដែរ ហេតុអីបានជាលោកធំម្នាក់នេះ មិនគោរពច្បាប់ ដែលក្រសួងធនធានទឹកនិងឧតុនិយម ដែលបានដាក់បទបញ្ជាយ៉ាងតឹងរឹងម៉ឺងម៉ាត់ ឱ្យបុគ្គលម្នាក់នេះ ត្រូវគោរពទៅតាមកិច្ចសន្យា ដែលខ្លួនបានចុះហត្ថលេខាព្រមកាយអាចម៌ដីចេញវិញនោះក៏ដោយ ឬមួយលោកធំម្នាក់នេះ មិនខ្លាចច្បាប់ទេ អាងខ្លួន មានអំណាចធំ និងមានលុយ ដូចពាក្យចាស់លោកពោលថា ឱ្យតែមានលុយចង់ហៅខ្មោចឱ្យកិនម្សៅធ្វើនំឱ្យឆី ឬយ៉ាងណា?

ពាក់​ព័ន្ធ​នឹង​ករណី​ខាងលើ​នេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក មាស ឌី បានទេ ព្រោះគ្មានលេខទូរសព្ទដើម្បីទំទាក់ទំទង។

ទោះជាយ៉ាងណាអង្គភាពយើងបានសុំការបញ្ជាក់ ពីប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ លោកបានមានប្រសាសន៍ប្រាប់មកអង្គភាពយើងថា មិនបាច់សួរច្រើនទេ គេកំពង់ចុះទៅធ្វើហើយ និងរៀបចំប្រជុំ រីឯបុគ្គលអ្នករំលោភចាក់​ដី​នោះបានរត់បាត់ហើយ នេះជាសម្ដីរបស់លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ស្ពឺ បានឆ្លើយប្រាប់អង្គភាពយើង ដូច្នេះអ្វីដែលគួរឱ្យឆ្ងល់រហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ គេពុំទាន់បានឃើញលោកប្រធានមន្ទីរធនធានទឹកនិង ឧតុនិយម មានចំណាត់ការនៅឡើយទេ ឬមួយរឿងនេះវាជាអាថ៌កំបាំង?

អង្គភាពយើងបានខលសុំការបំភ្លឺ ពីលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទូរសព្ទចូលជាច្រើនដង ក៏ប៉ុន្តែគ្មានអ្នកទទួល។

ប្រជាពលរដ្ឋជាច្រើន បានធ្វើការសំណូមពរទៅដល់អាជ្ញាធរនិងក្រសួងសាមីដែលពាក់ព័ន្ធ មេត្តាជួយពន្លឿននៃការកាយអាចម៍ដីចេញពីបឹងមេទឹករបស់រដ្ឋនេះផងទាន។

 

ពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋាននានា រង់ចាំមើលចំណាត់ការ របស់អាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធតើលោកមានវិធានការ ចំណាត់ការ យ៉ាងណាទៅតាមផ្លូវច្បាប់និងឱ្យមានប្រសិទ្ធភាពដើម្បីឱ្យ​ពល​រដ្ឋ មានជុំជឿជាក់ទៅលើអាជ្ញាធរមូលដ្ឋាន ជាពិសេស លោកអភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ តើលោកមានចំណាត់ការយ៉ាងណាចំពោះរឿងនេះ?

អង្គភាពយើងផ្សាយតែរឿងពិតគ្មានចេតនាមួលបង្កាច់ឬញុះញង់ដល់ស្ថាប័នអង្គភាពណាមួយឡើយផ្សាយទៅតាមក្រមសីលធម៌និងវិជ្ជាជីវៈរបបសារព័ត៌មានអង្គភាពយើងនឹងរង់ចាំការបកស្រាយបន្ថែម​ពីភាគីដែល​ពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕