មន្រ្តីជំនាញចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ក្នុងផ្សាររ៉ាត់រោងពីរ ដែលស្ថិតក្នុងភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដឹកនាំដោយលោក ហេង ភារម្យ ប្រធានសាខា «ក.ប.ប» ខេត្តកំពង់ធំ

កំពង់ធំ ៖ ដោយមានការយក ចិត្តទុកដាក់ជាប្រចាំពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ សុខុមាលភាព សុខភាពប្រជាពលរដ្ឋ តាមរយៈការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ និងដោយមានការណែនាំពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» ឱ្យបន្តពង្រឹងយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារនានាទូទាំងប្រទេស។

ជាក់ស្តែងនៅថ្ងៃ ទី៩ ខែ មករា ឆ្នាំ២០២៥ នេះ មន្ត្រី «ក.ប.ប» ខេត្ត ដឹកនាំដោយលោក ហេងភារម្យ ប្រធានសាខា «ក.ប.ប» ខេត្តកំពង់ធំ បានចុះពិនិត្យផលលិតផលខ្លះៗក្នុងផ្សាររ៉ាត់រោងពី ស្ថិតនៅក្នុងភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជាលទ្ធផលវិភាគបឋមក្រុម​ត្រួតបានពិនិត្យ​ទៅលើ
– ប្រហុក គ្មានសារធាតុបូរ៉ាក់ (Borax)​
– ស្ពៃជ្រក់ គ្មានសារធាតុ សូដ្យូមអ៊ីដ្រូស៊ូលហ្វីត (Sodium Hydrosulfite)
– ស្ពៃក្តោប គ្មានសារធាតុ អាស៊ីតសាលីស៊ីលីក (Salicylic Acid)
– ស្ពៃក្រញ៉ាញ់ គ្មានសារធាតុ សូដ្យូមអ៊ីដ្រូស៊ូលហ្វីត (Sodium Hydrosulfite)
– គុយទាវ គ្មានសារធាតុបូរ៉ាក់ (Borax)​

គួរបញ្ជាក់ដែរថា សារធាតុខាងលើ​នេះគឺសុទ្ធតែ​បង្កឱ្យ​មាន​ផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ដូចជាធ្វើឱ្យអាការៈ ពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស បើសម្រាប់អ្នក អាឡែស៊ី  (Allergic) ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។

ក្នុងការចុះពិនិត្យនេះលោក ហេង ភារម្យ ប្រធានសាខា «ក.ប.ប» ខេត្តកំពង់ធំ បាន​ធ្វើការណែនាំទៅដល់អាជីវករ ដែលលក់ដូរនៅក្នុងផ្សារនេះ ដាច់ខាតការលក់ដូររបស់ដែលអស់សុពលភាព ឬដែលមានជាតិគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលទិញយកមកហូបក្នុងគ្រួសារ និងនាំឱ្យប៉ះពាល់ទៅដល់ក្មេងសិស្សានុសិស្ស ដែលមានជំងឺផ្សេងៗជា យថាហេតុ និងជាពិសេសជាងនេះទៀតនោះ គឺការដឹកនាំក្រោមសម្ដេចធិបតីហ៊ុនម៉ាណែត និងលោកជំទាវ ពេជ្រ ចាន់មុន្នី គាត់តែងតែខិតខំបម្រើប្រជាពលរដ្ឋ សំខាន់់នោះ​គឺ​គិតគូរ​ទៅ​លើ​បញ្ហាសុខភាព និងដើម្បីប្រទេសជាតិឱ្យមានការរីកចម្រើនទៅថ្ងៃមុខ តាមគន្លង​របស់​សម្តេច ហ៊ុន សែន ដែលជា​អតីតនាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមី ហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្កជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយរយៈពេលជាយូរអង្វែង៕

អត្ថបទដោយ រឿន យ៉ត អ្នកយកព័ត៌មានគេហទំព័រខ្មែរឦសានខេត្តកំពង់ធំ