
មន្រ្តីយោធាម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារធ្លាក់រថយន្ដពីលើផ្លូវជាតិលេខ៧
ស្ទឹងត្រែង៖ មន្ត្រីយោធាម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារបើករថយន្ត ធ្លាក់ពីលើផ្លូវជាតិលេខ ៧ កាលពីថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២៥។
ជនរងគ្រោះមានឈ្មោះ សៀន ពៅ ភេទប្រុសអាយុ ៣៩ឆ្នាំ មុខរបរជាមន្ត្រីយោធា កងពលលេខ១២៨ ការពារព្រំដែនកម្ពុជាឡាវ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ នេះ មានរថយន្តម៉ាកតូយូតាហាយឡិនឌ័រពណ៍សមួយគ្រឿង បានរេចង្កូតធ្លាក់ពីលើកំណាត់ផ្លូវជាតិលេខ៧ ហើយក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យអ្នកបើកបរ ជាមន្ត្រីយោធា បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងភូមិសាស្រ្តភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភពដដែលបានបន្ដថា ក្រោយរថយន្ដខាងលើ បានធ្លាក់ចេញពីផ្លូវក្រឡាប់រួចមួយសន្ទុះ ក៏ មានអ្នកមកជួយលើកសពនោះមកដាក់លើចិញ្ចើមផ្លូវជាតិ ចំណែកឯរថយន្ត រងការខូចខាតទាំងស្រុង គឺនៅជាប់នឹងគល់ឈើក្នុងប្រឡាយ។
មន្ត្រីប៉ូលីសចរាចណ៍ខេត្តស្ដឹងត្រែង បានដាក់ការសន្និដ្ឋានថា រថយន្តនោះទំនង បើកបរក្នុងល្បឿនលឿននិងមានទិសដៅ ពីជើងទៅត្បូង ចូលទៅទីរួមខេត្តស្ទឹងត្រែង។
លោក តាត សាវតី មេប៉ុស្តិ៍សង្កាត់សាមគ្គី បានធ្វើកំណត់ហេតុដោយបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សៀន ពៅ ភេទប្រុ សអាយុ៣៩ឆ្នាំមុខរបរជាមន្ត្រីយោធា កងពលលេខ១២៨ការពារព្រំដែនកម្ពុជាឡាវ៕
អត្ថបទដោយ ប្រាក់ សុវណ្ណ គេហទំព័រខ្មែរឦសានខេត្តរតនគិរី