
មន្ដ្រីអាវុធហត្ថខេត្តក្រចេះ បានបាញ់រះទៅលើសមាជិកគ្រួសារនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់៣នាក់ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ
ត្បូងឃ្មុំ៖ មន្ដ្រីអាវុធហត្ថខេត្តក្រចេះម្នាក់ប្រដាប់ដោយអាវុធAK ស្វាយបត់ បានបាញ់ប្រហារទៅលើសមាជិកគ្រួសាររបស់ខ្លួនបណ្ដាលស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ រួចខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ហេតុការណ៍នេះបានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
យោងតាមរបាយការណ៍បន្ថែមពីសម្ថកិច្ចបានប្រាប់មកកាន់អង្គភាពព័ត៌មានយើងខ្ញុំ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ អាយុ៤៩ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានបើករថយន្តម៉ាក ISUZU ពណ៌សស្លាកលេខខេមរៈភូមិន្ទ (2-1364) ចូលដល់មុខផ្ទះជនរងគ្រោះរួចក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់រះទៅលើជនរងគ្រោះ បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសសរុបចំនួន៦នាក់ទាំងជនបង្កផងដែរ។
ប្រភពបានបន្តថា ជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន ទី១ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែកើតហេតុ) ទី២ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែកើតហេតុ) ទី៣ ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាបងថ្លៃ (របួសស្រាល) ទី៤ ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ (របួសធ្ងន់) ទី៥ ឈ្មោះ សេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រជាការពារ (របួសភ្នែកកម្រិតធ្ងន់) ទាំងអស់គ្នារស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកជនដៃដល់ក្រោយពីធ្វើសកម្មភាពរួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ក្រោយពិនិត្យចប់សព្វគ្រប់ សាកសព (ឪពុកម្ដាយក្មេក) រក្សាទុក្ខនៅផ្ទះធ្វើបុណ្យតាមប្រពៃណី សាកសពជនបង្កបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក សាច់ញាតិមកទទួលបន្តយកទៅធ្វើធ្វើបុណ្យនៅភ្នំពេញ។
ចំណែកជនរងគ្រោះ២នាក់ ដែលរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ រួចបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាមបន្តទៀត។ ក្រោយការកើតហេតុ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកពញាក្រែក និងកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងបំពេញសំណុំរឿងតាមនីតិវិធី៕