
សមាគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិកមកដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបានអនុវត្តជំនាញរបស់ខ្លួនដើម្បីពិនិត្យ ព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ
ក្រចេះ ៖ សមាគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក បានមកដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតមកដល់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអនុវត្តការងារជំនាញរបស់ខ្លួន ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកសំបូរ និងមន្ទីរពេទ្យបង្អែកស្រុកឆ្លូង។
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានខ្មែរឦសានបានពិនិត្យសុខភាពជាមួយនឹងសមាគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិកដោយមិនគិតថ្លៃ ហើយក៏បានធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត សុង តាន់ ពីគោលបំណងដែលលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកជួយព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃផងដែរ។
លោកវេជ្ជបណ្ឌិត សុង តាន់ បានប្រាប់មកអ្នកសារព័ត៌មានយើងថា ការដែលបង្កើតសមាគមសុខាភិបាលខ្មែរនៅអាមេរិកនេះឡើងបានដោយសារតែការចូលរួមពីប្រជាជនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក នៅក្នុងទីក្រុងឡុងប៉ិចគឺសម្បូរដោយជនជាតិខ្មែរ ហើយសមាគមនេះបង្កើតមិនមែនមានតែជនជាតិខ្មែរដែរ គឺមានជនជាតិឥណ្ឌា ជនជាតិស្បែកស ជនវៀតណាម និងជនជាតិផ្សេងទៀតដែរមានគោលដៅជួយព្យាបាលជម្ងឺទូទៅដល់ប្រជាពលរដ្ឋកម្ពុជា។
លោកបានមានប្រសាសន៍បន្ថែមទៀតថា សមាគមន៍របស់លោកបានចុះមកប្រទេសកម្ពុជារៀងរាល់មួយឆ្នាំម្តង គិតចាប់តាំងពីឆ្នាំ២០១០មករហូតមកដល់ឆ្នាំ២០២៥នេះជាលើកទី១៣ ហើយដែលសមាគមន៍បានចុះមកព្យាបាលបើកុំតែមានវិបត្តិកូវីត១៩កុំអីឆ្នាំនេះជាលើកទី១៦ហើយនៅឆ្នាំនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមមកកាន់ប្រទេសកម្ពុជាមានចំនួន១៤៥នាក់ ហើយថ្នាំដែលពួកយើងយកមកនោះគឺមានចំនួនជិត២តោន ហើយយើងមកនេះមិនមែនមកតែព្យាបាលមួយមុខនោះទេ យើងក៏មានអប់រំ និងបង្រៀនដល់និស្សិតពេទ្យនៅប្រទេសកម្ពុជាយើងមានចំនួន៩០នាក់ទៀត។
លោក សុង តាន់ បានប្រាប់មកអង្គភាពព័ត៌មានយើងថា អ្នកស្ម័គ្រចិត្តចូលរួមក្នុងសមាគមន៍គឺមិនមានប្រាក់ខែទេ គឺចំណាយទាំងពេលវេលា ចំណាយថ្លៃសំបុត្រយន្តហោះ និងចំណាយស្នាក់ផ្សេងៗដោយខ្លួនឯងទាំងអស់គឺមិនមានជំនួយទេ គឺមានតែបានមកពីសប្បុរសធម៌របស់ពលរដ្ឋខ្មែរនៅអាមេរិករៃអង្គាសគ្នាដើម្បីទិញថ្នាំ និងបរិក្ខាពេទ្យមួយចំនួនដើម្បីយកប្រើប្រាស់ព្យាបាលអ្នកជម្ងឺជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃ។
លោកបានបន្តទៀតថា សមាគមន៍សុខាភិបាលខ្មែរនៅអាមេរិកបង្កើតមកដោយអព្យាក្រឹត មិនមាននិន្នាការនយោបាយអីទេ គឺដូចជាអង្គការក្រៅរដ្ឋាភិបាល ដោយលោកមានដើមកំណើតជាជាតិខ្មែរដូចនេះទើបចង់ចុះមកជួយប្រជាពលរដ្ឋខ្មែរយើង ហើយលោកក៏ចង់ធ្វើជាគំរូសម្រាប់ក្មេងៗជនជាតិខ្មែរដែលរស់នៅអាមេរិកបន្តជួយព្យាបាលជម្ងឺជូនប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃបន្តពីលោក ហើយលោកក៏សូមអរគុណដល់ប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលដែលទទួលស្វាគមន៍បានយ៉ាងល្អ ហើយលោកក៏សុំបញ្ជាក់ដែរថា មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនដែលមកជួយកម្ពុជាយើង តែសមាគមន៍សុខាភិបាលខ្មែរនៅអាមេរិក គឺខុសពីគេដោយយើងជាគ្រូពេទ្យស្ម័គ្រចិត្តដែលបង្កើតឡើងដោយខ្មែររស់នៅអាមេរិក បើទោះជាយើងបានទៅរស់នៅអាមេរិកក៏បេះដូងយើង ឈាមយើងជាជនជាតិខ្មែរ៕
រាយការណ៍ដោយខ្មែរឦសាន ខេត្តក្រចេះ