
ក្រុមការងារគម្រោងរេដបូកទំរីង សហការជាមួយក្រុមការងារទីបញ្ជាការស្រាលស្នាក់ការអូរតាព្រហ្មបានចូលរួមលើកស្លាកដីកាដកហូតដីចំនួន០២ស្លាក នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ
កំពង់ធំ៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្រុមការងារគម្រោងរេដបូកទំរីង សហការជាមួយក្រុមការងារទីបញ្ជាការស្រាលស្នាក់ការអូរតាព្រហ្មដឹកនាំដោយ លោក ឡាត់ សុវ៉ាត់ ទីបញ្ជាការស្រាល៤៤ លោក ចេង សែ ទីបញ្ជាការស្រាលឃុំសុចិត្រ លោក អៀ គឹមឈៀត នាយសង្កាត់ទំរីង នឹងកម្លាំងស្នាក់ការរងកំពូលអំបិល ដឹកនាំដោយ លោក ម៉ុល វណ្ណា សហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងគណៈកម្មការសហគមន៍ព្រៃឈើឃុំសុចិត្រ គណៈកម្មការសហគមន៍ព្រៃឈើតំបន់ព្រៃជាំស្មាច់ បានចូលរួមលើកស្លាកដីការដកហូតដីដែលត្រូវបានឈ្មួញរំលោភយកចំនួន២ស្លាក។
សូមបញ្ជាក់ផងដែរថា ដីដែលជំនាញរដ្ឋបាលព្រៃឈើដកហូតយកមកវិញនោះ គឺជាដីរបស់សហគមន៍មិនមែនជាដីរបស់ប្រជាពលរដ្ឋធ្វើអាស្រ័យផលនោះទេ ហើយដីដែលកាប់ទន្ទ្រានយកពីសំណាក់ឈ្មួញដោយប្រើរូបភាពផ្សេងៗដើម្បីទន្ទ្រានយកនោះក៏ត្រូវបានសហគមន៍ដកហូតយកវិញទាំងអស់ដែរព្រោះវាស្ថិតនៅក្នុងដីគម្របរបស់សហគមន៍។
ចំណុចទីតាំងស្ថិតដែលក្រុមការងារយកស្លាកដកហូតយកដីមកខាងសហគមន៍វិញនោះមានទំហំសរុប៧៥៥ហិកតា
– ទីតាំងទី១ ចំណុចយាមកាមលេខ (554095-1419144) ដីការដកហូត ទំហំ៤៣៧ហិកតា ក្នុងដែនព្រៃសហគមន៍ឃុំសុចិត្រ ក្នុងភូមិសាស្រ្តឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
– ទីតាំងទី២ ចំណុចយាមកាមលេខ (542036-1417761) លើកស្លាកដីការដកហូត ទំហំ ៣១៨ហិកតា ក្នុងដែនព្រៃសហគមន៍តំបន់ព្រៃជាំស្មាច់ ក្នុងភូមិសាស្រ្តឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕
អត្ថបទដោយ រឿន យ៉ត