មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងចុះហត្ថលេខាផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ៦ ក្នុងខេត្តកំពង់ធំ ដោយមានគាំទ្រដោយAFoCO  និង RECOFTC

   

កំពង់ធំ៖ កាលពីថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងចុះហត្ថលេខាផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ៦ ក្នុងខេត្តកំពង់ធំ ដោយមានគាំទ្រដោយ AFoCO  និង RECOFTC ។

👉សិក្ខាសាលានេះ មានការចូលរួមបើកដោយលោក ហែម សារ៉ាវុធ ប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ តំណាងរដ្ឋបាលព្រៃឈើ មន្រ្តីបង្គោលជាតិ AFoCO និងតំណាងអង្គការ RECOFTC  មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល  តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោកមេឃុំចំនួន ៦ ប្រធាននិងគណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើទាំង៦ សរុបប្រមាណ ៥៥ នាក់។

លោក ហែម សារ៉ាវុធ បានថ្លែងអំណរគុណដល់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងអង្គការដៃគូរ ដែលបានខិតខំប្រឹងរៀបចំផែនការគ្រប់គ្រងព្រៃឈើចំនួន៦រួមមាន៖ សហគមន៍ព្រៃឈើ ពេជ្រតាជា , សហគមន៍ព្រៃឈើត្រពាំងត្រុំ-ត្រពាំងកែប, សហគមន៍​​ព្រៃឈើត្រពាំងអំពិល, សហគមន៍ព្រៃឈើកន្សែងវាល, សហគមន៍ព្រៃឈើតំបន់ព្រៃជាំស្មាច់, សហគមន៍ព្រៃឈើព្រៃត្បូងក្រពើ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងចុះហត្ថលេខា ដើម្បីបញ្ចប់នីតិវិធីនៃការរៀបចំផែនការគ្រប់គ្រង និងបន្តចាប់ផ្តើមអនុវត្តសកម្មភាពដែលបានលើកឡើង។

ជាមួយគ្នានេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងខិតខំប្រឹងប្រែង និងគៀរគរធនធាន ដោយបានដាក់ចេញនូវផែនការសកម្មភាពនានា ដើម្បីគាំទ្រដល់ការអនុវត្តឱ្យមានប្រសិទ្ធភាពនូវ ផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធនចីរភាព និងបរិយាបន្ន” មុំទី២ “ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព” ផែនការសកម្មភាពអាទិភាពទី២: ការពង្រឹងការគ្រប់គ្រង ការអភិរក្ស ការការពារ និងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម និងចីរភាព នូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ របស់កម្ពុជា តាមរយៈការ បន្តការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ និងការស្តារព្រៃឈើឡើងវិញ។

👉លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានថ្លែងអំណរគុណដល់រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល និងអង្គការដៃគូរដែលបានជួយគាំទ្រដល់ដំណើរការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធចូលរួមអនុវត្តផែនការគ្រប់គ្រងឱ្យទទួលបានជោគជ័យ។

ជាចុងបញ្ចប់នៃសិក្ខាសាលា លោក តុង យី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវ ដល់បងប្អូនសហគមន៍ព្រៃឈើត្រូវសកម្ម នឹងមានឆន្ទះខ្ពស់ដើម្បីអនុវត្តផែនការគ្រប់គ្រងឱ្យទទួលបានជោគជ័យ៕

អត្ថបទដោយ រឿន យ៉ត គេហទំព័រខ្មែរឦសានប្រចាំខេត្តកំពង់ធំ