ខេត្តក្រចេះ ស្រុកសំបូរ ឃុំកំពង់ចាម ភូមិយាវ ជម្លោះដីធ្លីនៅតែជាប្រធានបទក្តៅគគុកចំពោះគ្រួសាររបស់លោក សាំង ម៉ៅ រាប់ឆ្នាំហើយនៅមិនទាន់បានទទួលយុត្តិធម៌នៅឡើយ

 

ក្រចេះ៖ គ្រួសាររបស់លោកតា សាំង ម៉ៅ រួមមានសមាជិកជាចំនួន ៧នាក់ រស់នៅចំនុចស្រែខ្សីភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានទំនាស់ព្រំដីជាមួយភាគីម្ខាងទៀត នៅតែបន្តរំលោភបំពានដីកាន់កាប់ដីអាស្រ័យផលរបស់គ្រួសារលោក។

យោងតាមប្រភពពីលោក សាំង ម៉ៅ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំថា ទំនាស់ដីរបស់គ្រួសារខ្ញុំបាទជាមួយឈ្មោះ សាន់ សុខរ៉ាន់, សាន់ សុខរី, ស៊ឹង ពៅ, បា ស៊ាម, បា គីម, បា គាម និងឈ្មោះ បា ស្រី ស្ថិតនៅចំនុចទីតាំងខាងលើ នៅមិនទាន់ដោះស្រាយចប់នៅឡើយទេ ប៉ុន្តែក្រុមបក្សពួកភាគីម្ខាងទៀតមិនព្រមបញ្ឈប់សកម្មភាពចូលមករំលោភកាន់កាប់ និងអាស្រ័យផលលើដីគ្រួសារខ្ញុំបាទនោះទេ។

លោកតាបានបន្តថា ជាក់ស្តែងកាលពីថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០២៥ មានក្រុមអាអ៊ិច និងរថយន្តដឹកដីមួយក្រុមបានចូលមកជីកយកអាចម៌ដីរបស់គ្រួសារគាត់ ហើយឈ្មោះ សាន់ សុខរ៉ាន់ និង សាន់ សុខរី បានយកដើមដំឡូងមីមកដាំនៅលើដីរបស់គ្រួសារគាត់ជាបន្តបន្ទាប់មិនព្រមឈប់ឈរនោះទេ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅចំនុចទីតាំងខាងលើ បានប្រាប់មកអ្នកសារសព័ត៌មានយើងថា ក្រុមគ្រួសាររបស់លោកតា សាំង ម៉ៅ មានប្រវត្តិមកអាស្រ័យផលនៅចំនុចស្រែខ្សី ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មុនគេ ពោលគឺពី២០ទៅ៣០ឆ្នាំហើយ តែនៅតែមានអ្នកចោទថាគាត់រំលោភយកដីគេទៀត ហើយចោទគាត់ថាមានដីច្រើនជាងគេទើបគេចេះតែចង់រំលោភយកដីរបស់គាត់។

ចំពោះករណីនេះអង្គភាពយើងបានទាក់ទងសុំការបំភ្លឺពីលោកមេភូមិយាវ លោក កែ ឃី ក៏លោកបញ្ជាក់យ៉ាងច្បាស់ថា ដីចំនុចទីតាំងខាងលើពីដើមស្ថិតនៅឃុំកំពង់ចាម តែក្រោយមកបានដាក់ចូលទៅក្នុងឃុំវឌ្ឍនៈ លោកបានបន្ថែមថា ការដាក់ចូលទៅក្នុងឃុំវឌ្ឍនៈនេះខាងលោកជាមេភូមិ មិនបានឃើញលិខិតពីខេត្តកាត់ទីតាំងនេះចូលទៅក្នុងឃុំវឌ្ឍនៈដែរ លោកក៏មិនបានដឹងថា ការកាត់ដីនេះត្រឹមត្រូវឬយ៉ាងណាដែរ? រីឯលោកអនុភូមិក៏បានបញ្ជាក់មកកាន់អង្គភាពយើងខ្ញុំស្រដៀងលោកមេភូមិដែរ។

លោកបន្តថា គេកាត់ដីចំនុចស្រៃខ្សីនេះចូលឃុំវឌ្ឍនៈតែគ្នាគេ ហើយខាងឃុំកំពង់ចាមនឹងចូលចិត្តដើរយកដីតំបន់គេមកកាន់កាប់ណាស់។

គួររំលឹកផងដែរថា កាលពីកន្លងមកអង្គភាពយើងខ្ញុំធ្លាប់ធ្វើការសាកសួរទៅលោកមេឃុំកំពង់ចាមលោក ឈិត ណន បញ្ជាក់មកកាន់អង្គភាពយើងតាមទូរសព្ទ័ថា ខ្ញុំមិនយល់ដែរខាងឃុំវឌ្ឍនៈ មកចាត់ចែងសំបុត្រទិញលក់ទៅវិញ។ លោកបានបន្តថា ក្នុងផែនទីចំនុចស្រែក្សីតាំងពីសង្គមចាស់ស្ថិតក្នុងឃុំកំពង់ចាម ឯកាលដែលនិសិត្យចុះវាស់គេវាស់ដីឃុំវឌ្ឍនៈឱ្យអស់សិន ឯឃុំកំពង់ចាម ចាំអាណត្តិក្រោយ។

យោងតាមប្រសាសន៍របស់លោក ចេង គឹមចុប អភិបាលរងស្រុកសំបូរបានប្រាប់មកកាន់អង្គភាពយើងថា ចំពោះករណីរបស់លោកតា សាំង ម៉ៅ មានទំនាស់ដីយូរមកហើយ គឺគាត់មានទំនាស់ជាមួយម្ចាស់ព្រំទាំងបីជ្រុង លើកលែងតែជ្រុងខាងកើតទេដែលមិនមានទំនាស់។ លោកបានបន្តថា ចំពោះរឿងនេះលោកមានគំនិតមួយដើម្បីឱ្យមានភាពសុខដុមដែរ ហើយក៏បានធ្វើការលត់ទៅមេឃុំខ្លះហើយដែរ ចំពោះទំនាស់ជាមួយនឹង សុខរី សុខរ៉ាន់ បានឯកភាពវាស់ចែកម៉ែត្រអីគ្នារួចអស់ហើយ និងបានកាយក្រវ៉ាត់រួចដែរ ចំណែកឯចំនុចខ្សីតូចនឹងគឺស្ថិតនៅក្នុងសម្បត្តិរបស់រដ្ឋ ហើយលោកក៏បានកំណត់និយាមការហើយដែរថាចំនុចដីរបស់លោកតា សាំង ម៉ៅ នៅត្រឹមណា ត្រពាំងនៅត្រឹមណា ហើយចំពោះជ្រុងខាងលិច និងជ្រុងខាងត្បូង គឺភាគីទាំងសងខាងចង់ចាញ់ឈ្នះរៀងខ្លួនមិនទាន់បានដោះស្រាយដែរ។

លោកបានបន្ថែមទៀតថា លោកបានរបាយការណ៍ជូនទៅខេត្តរួចរាល់ហើយដែរ ចំពោះជ្រុងខាងជើងទំនាស់ជាមួយ សុខរី និង សុខរ៉ាន់ នៅចំនុចត្រពាំងខ្សីតូចនោះបានឯកភាពគ្នាអស់ហើយ នៅតែជ្រុងខាងលិច និងខាងត្បូង ទេមិនទាន់បានឯកភាពគ្នា។

តាមការបញ្ជាក់របស់លោកតា សាំង ម៉ៅ និងគ្រួសារថា កាលពីកន្លងមកឈ្មោះ សុខរី និងឈ្មោះ សុខរ៉ាន់ នេះធ្លាប់បានយកត្រាក់ទ័រចូលមកឈូសឆាយកម្ទេចដំណាំស្វាយចន្ទីរបស់គ្រួសារលោកតាម្តងរួចមកហើយ  នៅថ្ងៃទី១៧ និង១៨ ខែមករា ឆ្នាំ២០២៥ បានយកក្រុមអាអ៊ិច និងរថយន្តដឹកដីមួយក្រុមបានចូលមកជីកយកអាចម៌ដីរបស់គ្រួសារគាត់ម្តងទៀត ហើយឈ្មោះ សាន់ សុខរ៉ាន់ និង សាន់ សុខរី បានយកដើមដំឡូងមីមកដាំនៅលើដីរបស់គ្រួសារគាត់ជាបន្តបន្ទាប់។

ចំពោះករណីទំនាស់ដីធ្លីរវាងលោកតា សាំង ម៉ៅ ជាមួយនឹង ឈ្មោះ សាន់ សុខរី និង សាន់ សុខរ៉ាន់ ខាងលើនេះអង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំមិនមានលេខទូរស័ព្ទដើម្បីទំនាក់ទំនងទៅកាន់ភាគីម្ខាងទៀតបាននោះទេ។

សួស្ដីទស្សនិកជនដែលនិយមអានរាល់ការផ្សាយរបស់អង្គភាពគេហទំព័រខ្មែរឦសាន យើងខ្ញុំផ្សាយតែរឿងពិត ពុំមានចេតនាយូរមួលបង្កាច់បង្ខូចកិត្តិយសលើស្ថាប័នមួយណាឡើយ ផ្សាយដោយក្រមសីលធម៌ និងវិជ្ជាជីវៈនៃរបបសារព័ត៌មាន អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគី​ដែល​ពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការសូមអរគុណ៕

អត្ថបទដោយខ្មែរឦសាន