
ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឱ្យសិស្សស្រីម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម
រតនគិរី÷ សិស្សសាលាម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវចូលផ្ទះតាមុនី តាមបណ្តោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៨៥-៨៦)ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកToyota Land Cruiser ឆ្នាំផលិត 2008 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CE-9868 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយរថយន្តបានធ្លាក់ចូលទៅក្នុងគន្លងខាងម៉ូតូ។
ចំណែកឯម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1E-3437 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅលិច បានបត់ ហើយបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង អ្នកបើកបរម៉ូតូឈ្មោះ ឆែម គង្គារ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសធ្ងន់ បច្ចុប្បន្នកំពង់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយមានឈាមកកនៅខួរក្បាល និងបាក់ជើង និងអ្នករួមដំណើរឈ្មោះ ខ្លោត ផល្លា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយអ្នកទាំងពីរមិនបានពាក់មួកសុវត្ថិភាព ហើយម៉ូតូបានរងការខូចខាតទាំងស្រុង។
ប្រភពពីផេកកីឡាដើម្បីទាំងអស់គ្នាស្រុកកូនមុំ និងមិត្តភ័ក្តិដែលបានស្គាល់ប្អូនស្រី ខ្លោត ផល្លា បានបង្ហោះកាលពីថ្ងៃ១៣ ខែកុម្ភៈឆ្នាំ២០២៥ថា ប្អូនស្រីជាកីឡាការិនីបាល់ទាត់ដ៏ឆ្នើមរបស់ស្រុកកូនមុំ គាត់ជាមនុស្សមានចរិកល្អជាធនធានជំនាន់ក្រោយដ៏កម្រតែជាអកុសលគាត់ទៅលឿនយ៉ាងនេះពិតជាសោកស្តាយខ្លាំងណាស់ និងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ប្អូនផង។
តាមសម្តីមីងរបស់ជនរងគ្រោះឈ្មោះ ឆែម គង្គារ បានប្រាប់អង្គភាពសារព័ត៌មានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា «រហូតមកដល់ ចំពោះអ្នកបើកបរឡាននោះមិនទាន់រកឃើញនៅឡើយទេ ព្រោះខាងជនរងគ្រោះមិនទាន់បានសើរើនៅអធិការខេត្តនៅឡើយទេ ដោយសារនៅតាមដានស្ថានភាពជនរងគ្រោះ ព្រោះជនរងគ្រោះមានសភាពធ្ងន់ហើយកកឈាមនៅក្នុងខួរក្បាល និងបាក់ភ្លៅខាងឆ្វេង» ។
ចំពោះករណីខាងលើនេះលោក ថាង ប៉ែត អធិការស្រុកកូនមុំបានមានប្រសាសន៍ប្រាប់មកអ្នកសារព័ត៌មានថា «ករណីគ្រោះថ្នាក់ចរាចរណ៍កំពង់ធ្វើការទៅតាមនីតិវិធីហើយ កំពង់ធ្វើសំណុំរឿងទៅតុលាការ នឹងបានហៅភាគីទាំងសងខាងមកសម្របសម្រួលគ្នាហើយបានយើងធ្វើបន្តៗទៀត និងបានធ្វើបែបបទតាមនីតិវិធីច្បាប់»។
ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងពីរសំណូមពរដល់សមត្ថកិច្ចជំនាញជួយរកអ្នកបើកបររថយន្តដែលបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសនេះមកទទួលខុសត្រូវចំពោះមុខច្បាប់ មិនមែនបុកគេហើយរត់គេចខ្លួននោះទេ ត្រូវចូលខ្លួនមកដោះស្រាយគ្នា និងសំណូមពរដល់អ្នកដែលដឹងមិនច្បាស់ពីស្ថានភាពរបស់ជនរងគ្រោះដែលកំពង់ស្ថិតនៅមន្ទីរពេទ្យ បើមិនច្បាស់ទេសូមកុំនិយាយពាក្យមិនសមគួរចំពោះជនរងគ្រោះថាយ៉ាងនេះ យ៉ាងនោះអី សូមអរគុណទុកជាមុន៕
តែទោះបីជាយ៉ាងអង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំនៅតែរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះជាបន្តទៀត និងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការ។