
អតីតយុទ្ធជនពិការមួយគ្រួសារបានកើតទុក្ខមិនសុខចិត្តចំពោះការកាត់ឆ្វៀលដីអាស្រ័យផលរបស់គាត់ពីមន្ត្រីសុរិយោដីមិនយុត្តិធម៌ ដោយគាត់បានខំប្រឹងកាប់រៀនធ្វើចម្ការតាំងពីឆ្នាំ២០០០មក
កោះកុង៖ លោក ម៉ែន ឃុន អាយុ៦៣ឆ្នាំ ជាអតីតយោធាជនពិការ រស់នៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង បានទៅកាប់ព្រៃរើរៀនតាំងតែពីរឆ្នាំ២០០០ ដើម្បីធ្វើអាស្រ័យផលរហូតដល់បច្ចុប្បន្ននេះបាន២៥ឆ្នាំហើយ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៣ ទើបគាត់សុំអាជ្ញាធរស្រុកចុះវាស់ធ្វើប្លង់កាន់កាប់ ឃើញដីអាស្រ័យផលរបស់គាត់ចំនួន២ហិកតា៨០អា តែពេលមន្ត្រីសុរិយោដីចុះវាស់ជាប្រព័ន្ធដែលមានលោក ស្រាន់ ជាប្រធានចុះវាស់វែងជួយ ឃុំអណ្តូងទឹក ស្រុក បូទុមសាគ បានមានប្រសាសន៍ប្រាប់ម៉ែន ឃុន ថាឱ្យគាត់ទទួលយកដីចំនួនបានតែ៥៧អា តែប៉ុណ្ណោះ។
យោងតាមប្រភពពីលោក ម៉ែន ឃុន និងប្រពន្ធឈ្មោះ អោក ស្រ៊ន់ អាយុ ៥៤ឆ្នាំមានកូនប្រុសម្នាក់ឈ្មោះ ញ៉ ម៉េងហុង មានអាយុ២០ឆ្នាំ មានសតិមិនគ្រប់ផងនោះ បានប្រាប់មកកាន់អង្គភាពខ្មែរឦសាន និងអង្គភាព យុវជនថ្មីថា គាត់បានមកកាប់រានដីធ្វើចម្ការនៅភូមិឃុំខាងលើនេះតាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ននេះបាន២៥ឆ្នាំហើយ លុះនៅចុងឆ្នាំ២០២៣ អាជ្ញាធរបានចុះវាស់វែងលើកទីមួយ មានខាងស្រុកអីមកជាមួយដែរ បានវាស់ដីរបស់គាត់ឃើញដីអាស្រ័យផលចំនួន២ហិកតា៨០អា ដោយពេលដែលលោកបានដាក់ពាក្យសុំធ្វើប័ណ្ណកម្មសិទ្ធិនោះលោកដាក់ក្នុងទំហំដីចំនួន៤ហិកតា។
លោក ម៉ែន ឃុន បានបន្ថែមថា កាលពីឆ្នាំ២០១៣ ខាងវ៉ៃអេដ និងខាងបរិស្ថានបានទៅបោះបង្គោលព្រំដើម្បីកំណត់ដីរបស់រដ្ឋ ហាមមិនឱ្យគាត់កាប់រានបន្តទៅទៀតទេ ហើយឱ្យគាត់ទទួលយកតែកន្លែងដែលគាត់បានអាស្រ័យផលរួចតែប៉ុណ្ណឹងចុះ គាត់បានធ្វើតាមអ្វីដែលខាងរដ្ឋបានប្រាប់ តែដល់ចុងឆ្នាំ២០២៣ ដដែលខាងមន្ត្រីសុរិយោដីបានចុះវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ បានមកវាស់ដីរបស់គាត់ឃើញមានទំហំ២ហិកតា៨០អា តែអ្វីដែលគាត់ទទួលបាននោះគឺបានតែ ៥៧អា តែប៉ុណ្ណោះចុះសល់ពីនឹងដីដែលគាត់ខំអាស្រ័យផលតាំងពីឆ្នាំ២០០០ នោះបាត់ទៅណាទៅ។
លោកបានបន្តថា ក្រោយវាស់ឃើញទំហំដីរបស់គាត់ខាងក្រុមវាស់បានឱ្យក្រដាស់បញ្ជាក់ទៅគាត់មានគូសទំហំផងនោះឱ្យគាត់ទុក បន្ទាប់មកខាងមន្ត្រីសុរិយោដីបានធ្វើចុងសន្លឹកឱ្យគាត់មួយដោយប្រាប់គាត់ថា គាត់ត្រូវទទួលបានដីតែ៥៧អាទេ គាត់បដិសេធមិនព្រមយកតាមការដែលខាងមន្ត្រីសុរិយោដីបានប្រគល់ដល់គាត់នោះទេ ទើបក្រោយមកបានធ្វើចុងសន្លឹកលើកទី២ ពុំមានចុះកំណត់ប៉ុន្មាននោះទេ តែខាងចុះវាស់វែងបានប្រាប់ លោក ម៉ែន ឃុន ជាជន ពិការថាថែមឱ្យគាត់បាន៦៧អាចុះ មិនឱ្យគាត់តវ៉ា និងនិយាយអីទាំងអស់ បើមិនព្រមយកមានតែអត់ គាត់បានទទួលយកចុងសន្លឹកដីនោះយកមកទុក រួចក៏គាត់បានស្នើរមកកាន់អង្គភាពសារព័ត៌មានខ្មែរឦសាន និងអង្គភាពយុវជនថ្មីយើងខ្ញុំដើម្បីជួយធ្វើការផ្សព្វផ្សាយ និងសាកសួរបន្ថែម ដើម្បីឱ្យដឹងលឺដល់ថ្នាក់ដឹកនាំខាងលើចំពោះបញ្ហារំលោភបំពានយកដីអាស្រ័យផលរបស់គាត់ទាំងដែលគាត់ខំធ្វើតាំងពីឆ្នាំ២០០០ បានតែប៉ណ្ណឹងផង ហើយគាត់ក៏ជាយោធិនពិការជាអតីតទាហ៊ានប្រចាំនៅខេត្តកំពតតាំងពីខែ១០ ឆ្នាំ១៩៧៩មក។
គាត់បានប្រាប់មកកាន់អង្គភាពសារព័ត៌មានថា គាត់ខំកាប់គាស់ដាំដំណាំតាំងពីឆ្នាំ២០០០ មកនោះបានតែដី២ហិកតា៨០អា ប៉ុណ្ណោះទេ ដោយក្នុងគ្រួសាររបស់គាត់មានសមាជិក៣នាក់ទាំងគាត់ គាត់ជាជនមានពិការភាពដាច់ជើងម្ខាង កូនប្រុសរបស់គាត់ជាជនមានពិការភាពខាងផ្នែកខួរក្បាល រីឯប្រពន្ធរបស់គាត់មានជម្ងឺប្រចាំកាយរាល់ថ្ងៃមួយថ្ងៃកាត់មួយថ្ងៃកោទៀត ហើយខាងសុរិយោដីកាត់ឱ្យគាត់តែ៦៧អា គាត់ពិតជាហូបមិនគ្រាន់ទេ ហើយសូមឱ្យខាងអាជ្ញាធរ និងមន្ត្រីដែលពាក់ព័ន្ធមេត្តាជួយពិនិត្យ និងដោះស្រាយឱ្យគាត់ទទួលបានយុត្តិធម៌ផង។
គួរបញ្ជាក់ផងដែរថា អតីតប្រមុខរាជរដ្ឋាភិបាលដែលសម្តេចតេជោ ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់ចំពោះយុទ្ធជនពិការដោយបានចែកដី និងបានធ្វើផ្ទះជូនយុទ្ធជនពិការដោយសារសង្គ្រាមយ៉ាងហោចក៏បានដីធ្វើអាស្រ័យ១ហិកតាកន្លះដែរ តួរយ៉ាងដូចជានៅតំបន់តាកែនកោះស្លា ក្នុងខេត្តកំពតជាដើម ចុះហេតុអីបានជាលោក ម៉ែន ឃុន ជាយុទ្ធជនពិការ ហើយគ្រួសារខ្វះខាត ខិតខំកាប់រានដីសម្បទានសង្គមកិច្ចដើម្បីអាស្រ័យផលរយៈពេល២៥ហើយបានតែ២ហិកតា ៨អា មិនបានកាត់ឱ្យគាត់អស់ទៀតបានតែ៦៧អាតើការខំប្រឹងរបស់ធ្វើអាស្រ័យផលរបស់តាំងពីឆ្នាំ២០០០ នោះយ៉ាងណាវិញ?
ចំពោះករណីខាងលើនេះអង្គភាពសារព័ត៌មានយើង បានសុំការបំភ្លឺពីលោកមេភូមិជីមាលបានប្រាប់មកកាន់អង្គភាពយើងថា «ដីដាំដុះរបស់គាត់នឹងតាំងពីវ៉ៃអេដបានបោះព្រំឱ្យគាត់នឹងគាត់ធ្វើតែត្រឹមព្រំដែលគេបោះឱ្យគាត់ទេ ហើយគាត់ដាំតាំងពីឆ្នាំ២០០០មក គ្រាន់តែដីចន្ទី គាត់ដែលអាស្រ័យផលមានទំហំដីធំរបស់គាត់ ដល់ពេលគេកាត់ឆ្វៀលឱ្យគាត់នឹងមកចូលក្នុងដីដែលមានដំណាំរបស់គាត់ទៀតនោះធ្វើឱ្យពួកគាត់មិនអស់ចិត្ត ចំពោះការវាស់វែងដោយរបៀបណានោះគាត់មិនយល់ដែរ កាត់ដីរដំណាំរបស់គាត់អស់ទៀត»។
ចំណែក លោកក្រុមប្រឹក្សាឃុំ អណ្តូងទឹក បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានយើងថា «តាមការវាស់ជាប្រព័ន្ធនឹងគេយកតាមគោលការណ៍អនុក្រឹត៣០ ដែលវ៉ៃអេដបានបោះបង្គោលសារមុន ប៉ុន្តែខាងវ៉ៃអេដគេបានកាប់ឆ្វៀលឱ្យគាត់នឹងតែត្រឹមដំណាំរបស់គាត់បានអាស្រ័យផលហើយនោះទេ មិនឱ្យគាត់បន្តកាប់រៀនបន្តទៀតទេ ដំណាំរបស់គាត់បេះផ្លែរាល់ឆ្នាំដល់ពេលគណៈកម្មការឯកភាពស្រុកចុះមកកាត់ឆ្វៀលឱ្យគាត់បែជាកាប់មិនអស់ទំហំអាស្រ័យផលរបស់គាត់ទេ គាត់ក៏ឆ្ងល់ដែរ បើសិនគេកាត់ទាំងអស់គាត់ក៏អរដែរព្រោះដំណាំរបស់លោក ម៉ែន ឃុន គាត់ដាំដុះពេញនឹងទៅហើយ គាត់បានប្រាប់ឱ្យគ្រួសាររបស់លោក ម៉ែន ឃុន ស្នើសំណើរទៅកាន់គណៈកម្មាការឯកភាពម្តងទៀត»។
លោក ស្រ៊ាន់ មេប្រព័ន្ធសុរិយោដីឃុំអណ្តូងទឹកបានប្រាប់មកកាន់អង្គភាពសារព័ត៌មានថា «ដីនេះប្រហែលជាជាន់ជាមួយដីសម្បទានសង្គមកិច្ច ឬក៏ពាក់ព័ន្ធនឹងអីមួយហើយបានបាត់ដល់ទៅប៉ុន្នឹងនោះ ហើយពេលដែលគេបិតផ្សាយមិចបានគាត់មិនតវ៉ាបាត់ដោយសារមូលហេតុអី? ឱ្យគាត់យកឯកសារមកជួបគាត់ ហើយគាត់នឹងពិនិត្យឆែកជូនគាត់ម្តងទៀត»។
យោងតាមប្រសាសន៍របស់លោក ហាក់ បូរី មន្ត្រីសុរិយោដីស្រុកបុទុមសាគរបានប្រាប់មកអ្នកសារព័ត៌មានយើងថា «លោកអត់បានចុះទៅទីតាំងដីជាក់ស្តែងទេ លោកមិនអាចបំភ្លឺថាដីនេះនៅចំនុចណាៗ វាអាចខុសខ្ញុំ ហើយទាក់ទងទៅនឹងភូមិជីមាលនេះគេវាស់ជាប្រព័ន្ធរួចហើយ ប្រសិនបើចង់បានការបំភ្លឺឱ្យកាន់តែច្បាស់នោះលោកស្នើសុំមើលឯកសារសិន»។
លោក ក្រូច បូរីសីហា អភិបាលស្រុកបុទុមសាគរបានប្រាប់មកកាន់អង្គភាពយើងខ្ញុំថា «ទី១យើងត្រូវចុះទៅមើលសិន ទី២ ការដីបែងចែកមិនកំណត់ទៅលើដីអាស្រ័យផលទេ ជួនកាលក្នុងឯកសាររបស់គេអាចបែងចែកឱ្យគាត់តែទំហំប៉ុន្នឹង ឬក៏គាត់អាចទៅវិវាទលើដីសម្បទានសង្គមកិច្ចចឹងគាត់នឹងប្រាប់ក្រុមការងារឱ្យចុះទៅអង្កេតមើលម្តងទៀត»។
សួស្ដីទស្សនិកជនដែលនិយមអានរាល់ការផ្សាយរបស់អង្គភាពគេហទំព័រខ្មែរឦសាន យើងខ្ញុំផ្សាយតែរឿងពិត ពុំមានចេតនាយូរមួលបង្កាច់បង្ខូចកិត្តិយសលើស្ថាប័នមួយណាឡើយ ផ្សាយដោយក្រមសីលធម៌ និងវិជ្ជាជីវៈនៃរបបសារព័ត៌មាន អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការសូមអរគុណ៕