
ឈ្មួញជួញឈើចាស់វស្សាបានបើកឡានរត់ ខណៈដែលលោក តាន់ គឹមសួ កំពង់ចុះបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ
ក្រចេះ៖ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោក តាន់ គីមសួរ សកម្មជនការពារធនធានធម្មជាតិបានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ និងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ធ្វើការបង្ក្រាបបានបទល្មើសព្រៃឈើផ្ទុះកក្រើកខេត្តក្រចេះទាំងត្រើយកើតនិងត្រើយខាងលិច ខណៈពេលដែលឃើញសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ឈ្មួញជើងខ្លាំងឈ្មោះ គាង ធា ដែលជាឈ្មួញជួញឈើចាស់វស្សារាប់សិបឆ្នាំនៅចំណុចភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
តាមការលើកឡើងពីមហាជនបានបង្ហើបថា ពាក្យចាស់លោកថាដំរីស្លាប់ខំយកចង្អេរបាំងតើបាំងជិតឬទេ? លោក គាង ធា ជាឈ្មួញឈើបំផ្លិចបំផ្លាញធនធានធម្មជាតិរូបនេះ បានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃចេញពីដែនជម្រកសត្វព្រៃព្រៃឡង់ទឹកដី ស្រុកសំបូរ ខេត្តក្រចេះជារៀងរាល់ថ្ងៃ ដោយមិនខ្លាចញញើតនឹងច្បាប់អីបន្តិចសោះឡើយ ដោយមិនដឹងជាជំនាញពាក់ព័ន្ធនៅទីនោះបានដឹង និងជ្រាបដែររឺទេ? ។
ប៉ុន្តែស្រាប់តែនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នេះ ឈ្មួញជួញឈើដ៏សកម្មប្រចាំខេត្តក្រចេះរូបនេះ អស់ល័ក្ខព្រោះត្រូវបានជួបនឹងលោក តាន់ គីមសួ សកម្មជនការពារព្រៃឈើដ៏ឆ្នើម បានសហការ និងរាយការណ៍ជួបទៅឯកឧត្តម វ៉ា ថន ដើម្បីសុំកិច្ចអន្តរាគមន៍ ឃាត់បានរថយន្តសាំងយ៉ុងកែឆ្នៃកាត់ទ្រុង ០១គ្រឿង ដែលមានឈើផ្ទុកពេញប្រមាណជិត១៥ម៉ែត្រគូប រីឯរថយន្តម៉ាកតាកូម៉ាពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ BA-2719 ដែលបើកបរដោយលោក គាង ធា បានបើកគេចប្រាស់យករួចខ្លួនបាត់ស្រមោលលដូចគោឃើញខ្លា ចំណែកឯវត្ថុតាងត្រូវបានយកមកទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ដើម្បីធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
សូមស្តាប់ការសន្ទនាទាំងស្រុងរបស់ឈ្មួញឈើ គាង ធា និងលោក តាន់ គឹមសួ
រហូតមកដល់ថ្ងៃនេះអង្គភាពសារព័ត៌មានយើងខ្ញុំនៅមិនទាន់ដឹងថា លោក គាង ធា ដែលជាឈ្មួញបទល្មើសព្រៃឈើយ៉ាងសកម្មរូបនោះបានចូលខ្លួនមកដោះស្រាយ ឬយ៉ាងណានោះទេ ហើយអង្គភាពយើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ។