មេគយនៅតំបន់អូររំដួលស្រុកភ្នំព្រឹក បើកដៃឱ្យឈ្មួញដឹកទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ដឹកជញ្ជូនទំនិញចេញពីប្រទេសថៃចូលមកខ្មែរយ៉ាងរំភើយ

បាត់ដំបង៖ លោក កោះ និច្ច មេគយតំបន់អូររំដួលស្រុកភ្នំព្រឹក បានបើកដៃឱ្យឈ្មួញគ្រាក់ៗ នាំទំនិញគេចពន្ធ, បង់ពន្ធមិនគ្រប់ដឹកជញ្ជូនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាទាំងយប់ទាំងថ្ងៃនៅច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅជិតតំបន់អូររំដួលស្រុកភ្នំព្រឹកបាន​ដាក់​ការ​សង្ស័យថា លោក កោះ និច្ច ប្រធានស្នាក់ការគយជាអ្នកបើកដៃឱ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជាច្រើនប្រភេទគេចពន្ធ ឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។

រីឯមន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល បានឱ្យដឹងផងដែរថាលោក កោះ និច្ច បាននឹងកំពុងបណ្ដែតបណ្ដោយឃុបឃិតគ្នាជាប្រពន្ធ័ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា ហើយទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់នោះឡើយ ដូច្នេះគេមិនដឹងថា តើអ្វីដែលឈ្មួញបាននាំចូលនោះជាអ្វី​នោះទេ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំគួរ​តែ​ដាក់ការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ។

ប្រភពពីមន្ត្រីបង្ហើបបន្ថែមថា ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក គេសង្កេតឃើញ លោក កោះ និច្ច ប្រធានស្នាក់ការគយ ត្រូវគេសង្ស័យថា ជាអ្នកបើកដៃឲ្យក្រុមឈ្មួញនាំទំនិញចូលទៅប្រទេសថៃ, ពីប្រទេសថៃ ចូលមកកម្ពុជា មានច្រើនប្រភេទដូចជា ដូចជា ជី ស្រាបៀរ ប្រេងឆា ទឹកក្រូច ទឹកផ្លែឈើ គេចពន្ធ និងទំនិញផ្សេងៗជាច្រើនប្រភេទ ខ្លះមិនបង់ពន្ធ ឬខ្លះទៀត​បង់ពន្ធមិនគ្រប់ជាដើម។

តាមប្រភព​ពី​ពលរដ្ឋបានឱ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធ និងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ពន្ធមិនគ្រប់ដែរ  រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់ ពោលគឺសមត្ថកិច្ចបើកបារ៉ាស់ច្រកព្រំដែនតំបន់ឱ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី រាល់ទំនិញដែល​គេច​ពន្ធ​នោះសុទ្ធសឹងតែសាច់ខូចគុណភាពដែលឈ្មួញបានរៀបចំ ពីព្រោះថា នៅចំណុចព្រំដែនអូររំដួល នេះគ្មានការត្រួតពិនិត្យឱ្យបានម៉ត់ចត់នោះទេ អស់លោកមានសមត្ថកិច្ចជាច្រើនស្ថាប័នរួមទាំងគយផងមិនបានត្រួតពិនិត្យទំនិញនាំចូលនោះទេ ទំនិញឆ្លងកាត់ច្រកអូររំដួល មិនមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់នោះឡើយពោលគឺឱ្យតែហុចលុយចប់បញ្ហា។

ប្រភពបានបន្តថា គេមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឱ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃមានច្រើនប្រភេទ ហើយការបង់ពន្ធមិនគ្រប់ ឬមិនបង់ពន្ធទាំងនោះគឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់លោក កោះ និច្ច។

ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឱ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះមន្ត្រីមានសមត្ថកិច្ចដែលនៅច្រកនេះខ្លាចមានបញ្ហាជា យថាហេតុណាមួយកើតឡើង ហើយឈ្មួញមិនអាចគេចឬលួចលាក់ ដោយមិនប្រាប់ឱ្យ បងៗជនស៊ីវិលដែលឈរឬដេកចាំមើលនៅច្រកតំបន់អូររំដួលបាននោះឡើយ។

បើយោងតាមការរាយការណ៍ពី​ពលរដ្ឋថា ជនស៊ីវិលដែលតំណាងឱ្យមន្ត្រីគយ មានអំណាចខ្លាំងសម្បើមជាមួយនឹងអ្នករកស៊ីដឹកទំនិញគេចពន្ធឆ្លងដែនទាំងនោះ រវាងឈ្មួញអ្នករកស៊ី និងជនស៊ីវិលដែលប្រចាំការនៅច្រកព្រំដែនអូររំដួល មានការយល់គ្នាយ៉ាងច្បាស់លាស់ដោយក្រុមដែលរកស៊ីដឹកទំនិញទាំងនោះ គ្រាន់តែឃើញជនស៊ីវិលនៅឈរកន្លែងណាគឺរត់ទៅតាមជួបដល់កន្លែងនោះតែម្ដង ថៅកែទំនិញទាំងឡាយ ចាំបាច់ត្រូវតែទាក់ទងជាមួយលោកមេស្នាក់ការគយមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយលោក កោះ និច្ច ជាមុន ហើយអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋដែលស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុកនោះ​ឯង។

អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក កោះ និច បានទេព្រោះមិនមានលេខទូរសព្ទសុំការបំភ្លឺបានទេជុំវិញបញ្ហារឿងនេះ។

អង្គភាពយើងចុះផ្សាយតែរឿងពិតមិនប្រឌិតឬចេតនាញុះញង់។មួយបង្កាច់ស្ថាប័នឬអង្គភាពណាមួយឡើយអង្គភាពយើងផ្សាយទៅតាមក្រមសីលធម៌និងវិជ្ជាជីវិតនៃរបបសារព័ត៌មានអង្គភាពយើងរងចាំការបកស្រាយគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការសូមអរគុណ៕