សម្តេចតែងមានប្រសាសន៍សូមមន្ត្រីជំនាញត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះករណីកន្ទេលធំ​បន្លំដេកទៅលើបទល្មើសផលអនុផលព្រៃឈើនៅកម្ពុជា

ក្រចេះ៖ កាលពីរសៀលថ្ងៃអាទិត្យ  ទី២៣ ខែមីនា ឆ្នាំ២០២៥ នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយមានរថយន្តវេអងមួយគ្រឿង​បាន​ផ្ងារជើងខ្ជាក់ចេញសុទ្ធតែឈើដុំខ្នាតធំ ដែលគ្របពីលើដោយ​ឈើដើមកាស្យាពីរបីជាន់ពីលើ បើកុំតែក្រឡាប់ផ្ងារជើងនោះទេក៏មិនដឹងថាបានលួចដឹកឈើខ្នាតធំៗដាក់នៅពីក្រោមនោះដែរ។

រថយន្តវេអងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 4A-4063 បានក្រឡាប់ផ្ងារជើងបាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលទាំងប្រជាពលរដ្ឋ សកម្មជន​ការ​ពារ​ធនធានធម្មជាតិ និង​មន្ត្រីជំនាញ​ជាខ្លាំង​ដោយ​រថយន្តវេអងដែល​បាន​ផ្ងារ​ជើងនោះ​បាន​ខ្ជាក់​ចេញមកសុទ្ធតែ​ឈើខ្នាតធំៗជាច្រើន​ហាក់​ដូច​ជា​ជំនាញ​ក្នុង​ការ​ដឹក​​ជញ្ជូន​បទល្មើស​ព្រៃឈើទាំងនេះ​កន្លងមក។

ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានដាក់ការសង្ស័យថា ឡាននេះចេញពីក្រុមហ៊ុនស៊ីបាយអូថិច នៅចំណុចភូមិល្មួល ឃុំបឹងចា ស្រុកសំបូរ បានដឹកដើមកាស្យាពីលើ លុះបើកមកដល់ចំណុចផ្លូវកែងជិតវត្តត្រាំដុំ ក៏ក្រឡាប់ផ្ងារក្អួតចេញសុទ្ធតែឈើហ៊ុបនៅខាងក្នុង បានធ្វើឱ្យមហាជនមានការរិះគន់យ៉ាងខ្លាំងចំពោះក្រុមហ៊ុននេះ ដែលកន្លងមកតែងតែដឹកកាស្យាប្រើរូបភាព កាស្យាពីលើឈើពីក្រោមរាប់ឆ្នាំមកហើយពុំមានសមត្ថកិច្ចណាម្នាក់ដឹងពីបញ្ហានេះឡើយ។

អ្នកភូមិក៏បានរិះគន់ចំៗថា ក្រសួងមានសមត្ថកិច្ចម្តេចមិនដឹងតើរឿងនេះ មានការឃុបឃិតគ្នាឬយ៉ាងណា? នៅក្នុងក្រុមហ៊ុនស៊ីបាយអូថិចនេះ គួរតែសមត្ថកិច្ចចុះត្រួតពិនិត្យនិងដាក់ការ​ស៊ើប​អង្កេតឱ្យ​បាន​ស៊ីជម្រៅ ទៅលើក្រុមហ៊ុនណាដែលប្រើរូបភាពបំភាន់ភ្នែករាស្ត្រក៏ដូចជាបំភាន់ភ្នែកសមត្ថកិច្ចនៅតាមដងផ្លូវ។

យោងតាម​ផេក​ផ្លូវការ​របស់​លោក តាន់ គឹមសួ បានបង្ហោះថា «ខ្ញុំសូមផ្ដោតការសង្ស័យទៅលើក្រុមហ៊ុន Think Biotech (Cambodia) Co Ltd ចំពោះករណីកន្ទេលធំបន្លំដេកនេះ។ ខ្ញុំគិតថាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺគ្មានតម្លៃទេចំពោះមន្ត្រីដែលមានសមត្ថកិច្ច ឬក្រុមហ៊ុនទទួលបានសិទ្ធវិនិយោគលើដីសម្បទានសេដ្ឋកិច្ចបានជាហ៊ានបំពានលើគោលការណ៍របស់ក្រសួងដោយប្រើរូបភាពកន្ទេលធំបន្លំដេកបែបនេះ។ សូមគោរពស្នើសុំថ្នាក់ដឹកនាំ និងព្រះរាជអាជ្ញារអមសាលាដំបូងខេត្តក្រចេះនេះតែម្ដងមេត្តាបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងមានវិធានាការចំពោះក្រុមហ៊ុនដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិឲ្យបានតឹងរឹងជាទីបំផុតដើម្បីឆ្លើយតបទៅកាន់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសទៅកាន់មហាជនឱ្យបានឃើញថាគណៈបញ្ជាការឯកភាពខេត្តក្រចេះនេះតែងតែបង្ក្រាបនូវបទល្មើសធនធានធម្មជាតិគ្រប់រូបភាពដោយមិនមានការយោគយល់អ្វីបន្តិចទាល់តែសោះ»។

ភ្នាក់ងារអង្គភាពសារព័ត៌មានយើងខ្ញុំមិន​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុនស៊ីបាយអូថិចបានទេ ព្រោះ​មិនមាន​លេខទូរស័ព្ទដើម្បីទំនាក់​ទំនង។

អង្គភាពយើងផ្សាយតែរឿងពិតពុំមានចេតនាញុះញង់មួលបង្កាច់ទៅលើស្ថាប័នដែលពាក់ព័ន្ធ​ណាមួយឡើយ ផ្សាយទៅដោយក្រមសីលធម៌ និងវិជ្ជាជីវៈនៃរបបសារព័ត៌មាន ហើយរង់​ចាំ​ការ​បក​ស្រាយ​បំភ្លឺបន្ថែម​ពីគ្រប់​ភាគីដែល​ពាក់ព័ន្ធគ្រប់ពេល​និងម៉ោងធ្វើការ៕ សូមអរគុណ