
ទីតាំងកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងជាប់នឹងទំនប់៦មករា ស្ថិតក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មិនបានរៀបចំប្រព័ន្ធលូឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបង្ហូរទឹកកង្វក់ និងបង្គន់អនាម័យគ្មានស្តង់ដា
កំពង់ធំ៖ កសិដ្ឋានចិញ្ចឹមត្រីស្ថិតនៅក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានសង់បង្គន់អនាម័យនៅនឹងមាត់ទឹកដោយពុំមានលូបង្ហូរឱ្យត្រឹមត្រូវ គឺបង្ហូរចូលក្នុងត្រពាំងតែម្តងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញតំបន់ទាំងនោះជាខ្លាំង។
ក្រោយពីទទួលបានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ភ្នាក់ងាសារព័ត៌មានខ្មែរឦសានបានចុះទៅដល់ទីតាំងកសិដ្ឋានចិញ្ចឹមត្រីនោះ ហើយក៏បានផ្តិតយករូបភាព និងវីដេអូខ្លះៗនៅទីតាំងកាលពីថ្ងៃ អង្គារ៍ ទី១៨ ខែមីនាឆ្នាំ២០២៥ កសិដ្ឋានមួយនេះពុំមានឈ្មោះ ហើយមិនស្គាល់អត្តសញ្ញាណម្ចាស់កសិដ្ឋានដែរ តែកសិដ្ឋានចិញ្ចឹមត្រីមួយនេះធ្វើឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ពលរដ្ឋ និងបរិស្ថានជាខ្លាំង ពួកគាត់រស់នៅ និងអាស្រ័យផលនៅក្នុងត្រពាំងឬស្សីនេះយូរមកហើយ ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានប្រាប់មកកាន់ភ្នាក់ងាអ្នកសារព័ត៌មានយើងថា កន្លងមកកសិដ្ឋាននេះ តែងតែបង្កឱ្យមានប៉ះពាល់ទៅដល់បរិស្ថានរស់នៅរបស់គាត់ និងការចិញ្ចឹមគោក្របីជាដើម ដែលបង្កឱ្យទឹកក្នុងត្រពាំងកខ្វក់ បង្ហូរចេញពីក្នុងកសិដ្ឋាននេះ ហើយការប៉ះពាល់នេះមិនមែនតែប្រជាពលរដ្ឋក្នុងភូមិល្អក់ ឃុំកំពង់ថ្ម តែប៉ុណ្ណោះទេ គឺប៉ះពាល់ប្រជាពលរដ្ឋភូមិផ្សេងៗទៀត ដូចជាភូមិស្រែតាកោ ភូមិត្បែង និងភូមិសង្គ្រោះ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលនៅជាប់ព្រំប្រទល់ឃុំទាំងពីរនេះផងដែរ។
ពួកគាត់បានបន្តថា គាត់មិនសប្បាយចិត្ត និងមានទុក្ខកង្វល់ជាខ្លាំងទៅលើបញ្ហាសុខភាពនិងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះថាត្រពាំងគាត់ធ្លាប់តែរកត្រី រកខ្យង និងឃ្វាលគោក្របី តែក្នុងអំឡុងឆ្នាំមុនៗ កសិដ្ឋានចិញ្ចឹមត្រីមួយនេះបានពង្រីកចូលមកត្រពាំងបន្តទៀត ថែមទាំងធ្វើបង្គន់អនាម័យរបស់កម្មករ ដោយយកសំបកបាវបាំងនៅជុំវិញ មិនបានធ្វើបង្គន់ដាក់លូបង្ហូរចេញតាមប្រព័ន្ធស្តង់ដានោះទេ គឺបង្ហូរចូលត្រពាំងតែម្តងធ្វើឱ្យប៉ះពាល់ដល់ពួកគាត់ តែដោយសារតែគ្មានជំរើសពួកគាត់ចេះតែទ្រាំៗទៅ។
ប្រភពពីពលរដ្ឋដែលរស់នៅជិតត្រពាំងបានប្រាប់បន្ថែមថា កាលពីអតីតលោក ឌិត ធន ជាប្រធានភូមិបាលស្រុកសន្ទុកគាត់បានប្រាប់ថា នៅចំណុចដែលមានត្រពាំងបានចុះបញ្ជីរដ្ឋមិនអាចចុះបញ្ជីធ្វើជាប្លង់កម្មសិទ្ធិបានទេ «ចុះហេតុអ្វីក្រោយមកនេះកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនេះបានពង្រីកចូលទៅក្នុងត្រពាំងបានយ៉ាងរលូនបែបនេះ?»។
ពាក់ព័ន្ធនឹងករណីខាងលើនេះអង្គភាពយើងខ្ញុំបានសុំការបំភ្លឺពីលោក អឿន មេភូមិល្អក់បានប្រាប់ថា កសិដ្ឋាននេះដូរថៅកែច្រើនពេកលោកមិនបានចាំថាឈ្មោះអីនោះទេ ហើយពាក់ព័ន្ធនឹងត្រពាំងនេះលោកបានប្រាប់ថា គ្មានអ្នកណាគេលក់ត្រពាំងទេព្រោះវាជាសម្បត្តិរដ្ឋ ពាក់ព័ន្ធនឹងរឿងបង្ហូរទឹកកង្វក់លោកបានបញ្ជាក់ថា មិនដែលមានប្រជាពលរដ្ឋណាតវ៉ារឿងជះក្លិនអីនោះទេ ប៉ុន្តែវាពិតជាធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថានពិតប្រាកដមែន ហើយលោកក៏បានសំណូមពរដល់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយដើម្បីឱ្យខាងកសិដ្ឋានរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យត្រូវតាមស្តង់ដាផង ព្រោះថាបើបន្តបង្ហូរមកទៀតធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវជាខ្លាំងដោយធ្វើឱ្យស្រូវមិនចេញព្រោះវាល្អខ្លាំងពេក។
លោក ចាយ ប៊ុនលី មេឃុំកំពង់ថ្មបានប្រាប់មកសារព័ត៌មានយើងតាមទូរស័ព្ទថា កសិដ្ឋានចិញ្ចឹមត្រីនឹងនៅកន្លែងណាយើងជាអ្នកសារព័ត៌មានមិចមិនចុះទៅថតដល់ទីតាំងផ្ទាល់តែម្តងទៅ ហើយវាមានផលប៉ះពាល់អីខ្លះមិចបានមិនចុះថតផ្សាយទៅ សួរគេទៅសុំសម្ភាសន៍គេទៅ ហើយលោកបានប្រាប់ថា លោកទៅមើលមិនដែលឃើញមានស្អី ហើយលោកបាននាំសិស្ស៥សកលវិទ្យាល័យមានគ្រូៗ២០នាក់ កូនសិស្សជិត២០០នាក់ ទៅទស្សនកិច្ចចំនួន២ដងទៀតមិនមានទឹកស្អីស្អុយ មិនមានទឹកអីហូរ និយាយតាពាសមានស្អីត្រូវស្អុយដល់ប្រជាពលរដ្ឋបើបង្គន់អនាម័យសង់នៅកណ្តាលដី ហើយដីកសិដ្ឋាននឹងជិត១០០ហិកតាឯណោះ។
សូមស្តាប់សម្តីដើមរបស់លោកមេឃុំកំពង់ថ្ម ចាយ ប៊ុនលី
ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើ បានសុំឱ្យអ្នកសារព័ត៌មានយើងសូមជួយនាំសារបស់ជូនដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធមេត្តាចុះមកស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ទៅលើកសិដ្ឋានមួយនេះផងទាន ព្រោះថា មេភូមិបានប្រាប់ថាមានផលប៉ះពាល់ដល់បរិស្ថានពិតប្រាកដមែន ចំណែកឯមេឃុំគាត់បានឆ្លើយបដិសេដថាមិនមានរឿងបែបនេះឡើយ ថែមទាំងមិនព្រមប្រាប់ឈ្មោះម្ចាស់កសិដ្ឋានទៀត។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំមិនមានលេខទំនាក់ទំនងណាមួយដើម្បីសុំការបំភ្លឺពីម្ចាស់កសិដ្ឋានចិញ្ចឹមត្រីខាងលើនេះទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។
តែទោះជាយ៉ាងណាអង្គភាពយើងខ្ញុំនៅតែបន្តរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធមានចំណាត់ការយ៉ាងណាទៅលើការបង្ករឱ្យមានប៉ះពាល់ដល់បរិស្ថាននៅក្នុងទីតាំងខាងលើ អង្គភាពយើងខ្ញុំផ្សាយតែរឿងពិត មិនមានចេតនាញ៉ុះញ៉ង់ធ្វើឱ្យប៉ះពាល់ស្ថាប័នណាមួយឡើយ ផ្សាយទៅដោយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយនឹងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនឹងម៉ោងធ្វើការ៕