ជ្រកក្រោមជញ្ជាំងខៀវបាំងជិត តែនៅក្នុងជាកន្លែងលួចលេងល្បែងស៊ីសងយ៉ាងធំស្ថិតនៅក្បែរច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រីខេត្តព្រៃវែង

ព្រៃវែង៖  កាស៊ីណូគ្មានស្លាកយីហោមួយកន្លែងនៅក្បែរច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី ស្ថិតនៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទបាន​បើកឱ្យក្រុមអ្នកញៀនល្បែងទាំង ​ខ្មែរ ​វៀតណាម ចូលមកលេងយ៉ាងគគ្រឹក​គគ្រេង ​ហាក់​ដូច​ជាមិនមានការបង្ក្រាបពីសមត្ថកិច្ច ឬក៏មិនដឹងទេទើបស្ងាត់ឈឹងបែបនេះ។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថា កាស៊ីណូដែលគ្មានយីហោ​បាំងដោយជញ្ជាំងខៀវមួយកន្លែងនេះ បានបើកឱ្យក្រុមញៀនល្បែងស៊ីសងចូលលេង ជល់មាន់ បៀរ អាប៉ោង តាំងពីចុងខែធ្នូ ឆ្នាំ២០២៤មក  រហូតដល់បច្ចុប្បន្ននេះ​អ្នកចូល​មក​លេងជា​ពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍វៀតណាម ឆ្លងដែនចេញចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងគគ្រឹក​គគ្រេង ដោយមិនដែលឃើញមានសមត្ថកិច្ចមូលដ្ឋាន ឬក៏មេច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ចុះមកបង្ក្រាបសោះ ដោយរក្សាភាពស្ងៀមស្ងាត់ ឬសម្ងំប្រមូលលាភសក្ការ:ចែកគ្នារស់នៅយ៉ាងសោយសុខឬយ៉ាងណា?

ប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានបន្តឱ្យដឹងថា កាស៊ីណូដែលគ្មានស្លាកយីហោបាននឹងកំពុងបើកឱ្យពលរដ្ឋខ្មែរ​ ចូល​លេង​ភ្នាល់ដាក់លុយស៊ីសងខុសច្បាប់ដូចជា ជល់មាន់ បៀរ អាប៉ោង និងល្បែងជាច្រើនប្រភេទទៀតជារៀងរាល់​ថ្ងៃ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ដែលបញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និង អំពើហឹង្សាក្នុងគ្រួសារ ដែលជាដើមចមកើតចេញពីល្បែងស៊ីសងនេះឯង។

គួររំលឹកដែរថា កាលពីកន្លងមកនេះយើង​ឃើញ​នៅក្នុងបណ្តាញ​សង្គម​តែ​ង​តែ​បង្ហាញ​ពី​ការ​ចាប់​ក្មេងទំនើង​ធ្វើសកម្មភាព​លួចឆក់តាមផ្លូវ ហើយថ្មីៗនេះក៏មានឃើញករណីប្លន់ជំរិត​ជាច្រើន​ធ្វើឱ្យ​ទូទាំង​ប្រទេសកម្ពុជា​ហាក់​ដូច​ជាពុំមាន​សុវត្ថិភាព​ផ្នែកសន្តិសុខ​អាចបណ្តាល​មូល​ហេតុល្បែងស៊ីសង​នេះផងដែរ។

ហេតុនេះទើបប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានឱ្យជួយផ្សាយព័ត៌មានអំពីករណីបើកឱ្យល្បែងស៊ីសងដែលជ្រកក្នុងរបងបាំងពណ៌ខៀវគ្មានស្នាកយីហោមួយនេះ ដើម្បីរក្សាភូមិឃុំមាន​សុវត្ថិភាព ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរ បាលខេត្តព្រៃវែង មេត្តាពិនិត្យមើលពីភាពអសកម្មការងាររបស់លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដែលមិនយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដែលបានដាក់ចេញកន្លងមកឱ្យអនុវត្ត។

ប្រជាពលរដ្ឋសូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ   លោកនាយឧត្តមសេនីយ៍ ស ថេត  អគ្គស្នង ការដ្ឋាននគរបាលជាតិ មេត្តាជួយចាត់វិធានការលើមន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រៃវែង ចុះពិនិត្យឡើងវិញចំពោះភាពមិនប្រក្រត្រី របស់បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ខ្នាតធំ បង្កប់ក្នុងកាស៊ីណូគ្មានស្លាកយីហោ ដែលមានជញ្ជាំងខៀវនៅក្នុងភូមិសាស្រ្តខាងលើឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹង សន្តិសុខសង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ចំពោះករណីបើកលេងល្បែងស៊ីសងខាងលើនេះអង្គភាព​សារព័ត៌មាន​យើង​ខ្ញុំ​ពុំអាច​សុំ​ការ​បំភ្លឺ​ពីភាគីដែល​ពាក់ព័ន្ធបានទេព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង។

អង្គភាពយើងផ្សាយតែរឿងពិតពុំមានចេតនាញុះញង់មួលបង្កាច់ទៅលើស្ថាប័នណាមួយឡើយផ្សាយតាមក្រមសីលធម៌ប្រជាជីវៈនៃរបបសារព័ត៌មាន អង្គភាពយើងខ្ញុំរង់ចាំ​ការ​បកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ សូមអរគុណ។