ព្រោះតែជីវភាព​ខ្វះខាត​បាន​ធ្វើឱ្យ​គ្រួសារ​មួយ​ត្រូវ​បាត់​បង់​កូនទាំងពីរ​ដោយ​សារលង់ទឹក​ស្លាប់​ខណៈដែល​ម្តាយ​កំពង់​តែ​ស៊ីឈ្នួលជម្រះស្មៅឱ្យ​គេ​នៅ​ក្បែរបឹង

មណ្ឌលគិរី៖ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ក្មេងប្រុសម្នាក់ និងស្រី​ម្នាក់​បាន​លង់​ទឹក​ស្លាប់​ទាំងពីរនាក់បងប្អូននៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បច្ចុប្បន្នគ្រួសារកំពង់​តែ​ធ្វើបុណ្យ​សព​តាមប្រពៃណី។

ដោយសារ​តែជីវភាពខ្វះខាត​ម្តាយ​ក្មេងរងគ្រោះ​បាន​ទៅស៊ី​ឈ្នួល​ជម្រះ​ស្មៅឱ្យគេនៅ​ក្បែរ​បឹង​ក្នុង​ភូមិឃុំខាងលើ ដោយរវល់​ជម្រះស្មៅភ្លេចខ្លួនបន្តិច​កូន​របស់​គាត់​ទាំងពីរនាក់​បាន​នាំ​គ្នា​ចុះ​ទៅងូតទឹកបឹងលេង ហើយ​បាន​លង់​ទឹក​ស្លាប់​ទាំងពីរនាក់បងប្អូនតែម្តង។

ក្មេងស្រីរងគ្រោះឈ្មោះ ចាន់ សារ៉ាយ អាយុ៩ឆ្នាំ និងក្មេងប្រុស ឈ្មោះ ចាន់ សារឿន អាយុ៦ឆ្នាំ បានស្លាប់បាត់បង់ជីវិត​ដោយសារលង់ទឹក ដែលមានឪពុកឈ្មោះ ចាន់ សារូ ម្ដាយឈ្មោះ ភ្លើត ទីម មុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានកូនប្រុសស្រីចំនួនពីរនាក់កូនស្រីច្បងឈ្មោះ សារ៉ា និងកូនប្រុសពៅឈ្មោះ សារឿន បានលង់ទឹកស្លាប់ទាំងពីរនាក់បងប្អូន។

យោង​តាម​ប្រភព​ពី​អ្នកជិតខាង​ដែល​ចូល​រួម​ក្នុង​ពិធីបុណ្យសព​របស់​ក្មេងរងគ្រោះ​ទាំងពីរនាក់​បាន​ប្រាប់​មក​អង្គភាព​សារព័ត៌មាន​យើង​ខ្ញុំថា គ្រួសារ​របស់​គាត់​មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង​ក្រៅ​​ធ្វើ​ចម្ការ​ហើយ​ពួក​គាត់​ឆ្លៀត​ស៊ីឈ្នួលគេគ្រប់​យ៉ាង​ដើម្បី​យក​កម្រៃ​មក​ចិញ្ចឹមជីវិត និង​កូន​ប្រុសស្រីរបស់ពួកគាត់ តែអកុសលអីព្រោះ​តែ​ធ្វើការឱ្យគេភ្លេចខ្លួនមួយភ្លែត​សោះ​បាន​ធ្វើឱ្យ​ពួក​គាត់​បាត់​បង់កូនប្រុសស្រីតែមួយប៉ព្រិចភ្នែកពិតជាអាណិតពួកគាត់ណាស់ ហើយគាត់​ក៏​សូម​សំណូមពរ​ដល់​សប្បុរសជន ដែលមានចិត្តល្អ ចិត្តធម៌មេត្តាជួយបរិច្ចាគទឹកប្រាក់​ខ្លះ​ដើម្បី​ជួយ​ឱ្យ​គាត់​បាន​ធ្វើបុណ្យសព​ជូន​កូនៗ​របស់​គាត់ឱ្យបានសមរម្យតាមប្រពៃណីផងចុះ សូមអរគុណ៕