តំបន់ព្រៃលិចទឹកនៅតំបន់២ចំនុចទំនប់៧៨ ត្រូវក្រុមឈ្មួញយកគ្រឿងចក្រទៅឈូសឆាយកម្ទេចជម្រកត្រីពងនៅរដូវវស្សាខ្ទេច ដោយអាងថាមានច្បាប់អនុញ្ញាតិពីសាលាខេត្ត បើទោះបីជាប្រមុខរដ្ឋាភិបាលបានហាមជាដាច់ទៅលើការបំផ្លិចបំផ្លាញនៅតំបន់ព្រៃលិចទឹកក៏ដោយ

សៀមរាប៖ តំបន់ព្រៃលិចទឹកតំបន់២ ចំនុចទំនប់៧៨ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សេង មង្គល  យកគ្រឿងចក្រមកឈូសឆាយកាយយកអាចម៌ដីលក់តាមបណ្តាកន្លែងផ្សេងនៅក្នុងខេត្តសៀមរាប ដោយលើកស្លាកថាជាគម្រោងស្តារអាងស្តុកទឹកទំនប់៧៨ ដែលមានទីតាំងខាងលើនេះ ដោយយលេសថាមានច្បាប់អនុញ្ញាតិពីសាលាខេត្តអស់ហើយ។

បើតាមប្រសាសន៍ពីលោកអភិបាលរងក្រុងសៀមរាបខេត្តសៀមរាបបានប្រាប់មកអ្នកសារព័ត៌មានយើងថា ការដ្ឋានរបស់លោក សេង មង្គល នេះគឺពិតជាមានច្បាប់ត្រឹមត្រូវអស់ហើយ ជាក់ស្ដែងកាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ចំណុច ខាងលើដើម្បីផ្ដិតយករូបភាព និងឡាយផ្ទាល់នៅចំណុចទំនប់៧៨ សង្កាត់ស្រង៉ែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបក្នុងរូបភាពឈូសឆាយព្រៃលិចទឹកដែលធ្វើឱ្យវិនាសអន្តរាយដល់ជម្រកត្រីពងពេលរដូវវស្សាត្រីពង។

គួររំលឹកដែរថា ប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសយ៉ាងម៉ឺងម៉ាត់ហាមឃាត់មិនឱ្យមានការឈូសឆាយព្រៃលិចទឹកយកមកធ្វើជាអាជីវកម្ម ឬក៏យកធ្វើជាកម្មសិទ្ធិនោះបានឡើយ ព្រោះនេះជាតំបន់ហាមឃាត់ហើយជាព្រៃ ដ៏កម្រស្ទើរតែផុតពូជព្រៃលិចទឹកអស់ទូទាំងព្រះរាជាណាចក្រកម្ពុជាទៅ ជាពិសេសនោះវាគឺប្រភពនៃជម្រកត្រីពង ដូច្នេះរាជរដ្ឋាភិបាលចេញចរាចរណ៍ ក៏ដូចចេញសេចក្តីណែនាំមិនឱ្យមានជនណាម្នាក់ឆ្លៀតឱកាសយកព្រៃលិចទឹកមកធ្វើអាជីវកម្មបានឡើយ បើជនណាហ៊ានឈូសឆាយព្រៃលិចទឹកត្រូវតែបញ្ឈប់សកម្មភាពទាំងនេះជាកំហិត។

បើយោងតាមប្រសាសន៍លោកអភិបាលរងក្រុងសៀមរាបលោក ហាយ យ៉ុង បានប្រាប់មកអ្នកសារព័ត៌មានយើងឱ្យដឹងថា លោក សេង មង្គល បានសុំគោលការណ៍ទៅដល់សាលាខេត្តរួចអស់ទៅហើយ មានទាំងប៉ាណូដាក់នៅការដ្ឋាននោះទៀតផងព្រោះលោក សេង មង្គល សុំគោលការណ៍ឈូសឆាយដើម្បីស្ដារបាទបឹង ជីកស្រះ ដើម្បីទ្រទ្រង់ទឹកយកមកស្រោចស្រពពេលរដូវរាំងស្ងួតមកដល់។

ប្រភពពីពលរដ្ឋដែលសូមមិនបញ្ចេញឈ្មោះបានប្រាប់អ្នកព័ត៌មានយើងថា គួរឱ្យសោកស្ដាយខ្លាំងណាស់ព្រៃលិចទឹកនេះជិតអស់ហើយ ព្រោះខាងសាលាខេត្តបានចេញលិខិតអនុញ្ញាតិឱ្យឈូសបំផ្លាញតំបន់ត្រីពងបែបនេះមិចមិនឱ្យស្ដារតំបន់ខុសពីព្រៃលិចទឹកនេះទៅ ល្អជាង ស៊ូទុក្ខតំបន់នេះឱ្យនៅជាបឹងធម្មជាតិដើម្បីទុកជាជម្រកសត្វត្រីគ្រប់ប្រភេទដែលមកនៅក្នុងរដូវវស្សាពងកូនបន្តពូជជាការប្រសើរមិនប្រសើរជាងអី បើនិយាយពីអាងទឹកស្រះទឹកច្រើនណាស់មានអ្នកភូមិណា ត្រូវការស្រោចស្រពអីផងខ្លាចតែកន្ទេលធំបន្លំដេក ដូចគេថាទេ ពោលនោះគឺត្រីងៀតឆ្លៀតពងនឹងហើយមើលទៅ ព្រោះកន្លងមកធ្លាប់បានឮអនុសាសន៍អតីតនាយករដ្ឋមន្ត្រីលោកបានប្រកាសនិងបានព្រមានទៅដល់ជនណាដែលបំផ្លាញព្រៃលិចទឹកជាក់ស្ដែងដូចនៅខេត្តកំពង់ឆ្នាំងលោកបានធ្វើការផ្តន្ទាទោសរួចមកហើយ តើអ្វីលោកអភិបាលក្រុងបានបញ្ជាក់ថាស្ដារបាត់បឹងនោះពិតត្រឹមត្រូវដែរឬទេ?

ប្រជាពលរដ្ឋនៅតំបន់នោះសុំសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរខេត្តសៀមរាបសូមលោកមេត្តាបញ្ឈប់រាល់ការឈូសឆាយរបស់លោក សេង មង្គល ទៅលើតំបន់ព្រៃលិចទឹកខាងលើនេះផងទានមូលហេតុគឺដើម្បីរក្សាទុកព្រៃលិចទឹកនេះឱ្យជម្រកគ្រប់មច្ឆាជាតិមកពង និងបន្តពូជ ក៏ដូចជាបានជួយទៅលើជីវភាពរបស់ពួកគាត់បានច្រើនប្រសិនបើប្រទេសយើងសម្បូរទៅដោយត្រី។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងបានធ្វើការខលទៅសុំការបំភ្លឺមន្ត្រីក្រសួងកសិកម្មតាមរយៈលេខទូរស័ព្ទ ០៩២ ២២៥ ៥៥៥ ដោយខលចូលជាច្រើនលើកតែពុំមានអ្នកទទួល។

ថ្មីៗនេះសារព័ត៌មាន​រស្មីសៀមរាប​បានធ្វើឡាយផ្ទាល់​នៅលើ​ផេក​របស់​គាត់​ ចំពោះ​គ្រឿងចក្រ​ដែល​យកទៅវៃព្រៃលិចទឹកនោះ​ត្រូវបានដកចេញ ហើយមេការខាងវៃព្រៃបាន​ប្រាប់​មក​អ្នក​សារព័ត៌មានថា «មេឱ្យដកគ្រឿងចក្រយកទៅធ្វើផ្លូវឈប់មកវៃព្រៃលិចទឹកនេះទៀតហើ អង្គភាពសារព័ត៌មានយើងខ្ញុំមិនមានលេខទូរស័ព្ទទំនាក់ទំនងទៅលោក សេង មង្គល ដើម្បីសុំការបំភ្លឺផងដែរ។

ពាក់ព័ន្ធនឹងករណីឈូសឆាយបំផ្លាញព្រៃលិចទឹកខាងលើនេះអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ៕