
គ្រឿងចក្រជាច្រើនគ្រឿនបានឈូសឆាយរំលោភយកដីព្រៃរបស់ក្រុមហ៊ុនអេមីនិន ពីសំណាក់ឈ្មួញមួយក្តាប់តូចធ្វើឱ្យអាជ្ញាធរខេត្តព្រះវិហាររង់ចាំតែទទួលថ្មបាក់ពីក្រុមឈ្មួញទាំងនោះ
ព្រះវិហារ៖ ដីព្រៃរដ្ឋរាប់សិបហិកតាស្ថិតនៅចំនុចព្រៃកេងកង ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បច្ចុប្បន្នដីព្រៃខាងលើនេះត្រូវបានក្លាយកន្លែងកាប់រានយកដីពីសំណាក់ក្រុមឈ្មួញដែលជាអ្នកមានលុយបានដាក់គ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រចូលឈួសឆាយម៉ាសេរី ដោយគ្មានក្រែងរអា រំលោភកាន់កាប់យ៉ាងគឃ្លើនធ្វើឱ្យដីព្រៃក្លាយជាវាលរហោស្ថានស្ទើរបាត់អស់ពីក្នុងរង្វង់នៃផែនទីដែលមានពីមុនមក។
មហាជនក៏ដូចជាក្រុមប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងមូលដ្ឋាននៅតំបន់នោះ ទំនងទទួលបានលាភសក្ការៈពីក្រុមឈ្មួញទាំងនោះហើយទើបបានបិតភ្នែកបើកភ្លើងខៀវ ឱ្យក្រុមឈ្មួញឈូសឆាយយកដីព្រៃរបស់រដ្ឋបានតាមតែអំពើចិត្តបែបនេះ។
ប្រភពពីពលរដ្ឋដែលសូមមិនបញ្ចេញឈ្មោះបានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា បើពលរដ្ឋធម្មតាគ្រាន់តែចូលព្រៃកាប់ឈើតូចតាចវិញមន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានធ្វើការឃាត់និងសាកសួរ ពេលខ្លះដល់ថ្នាក់មានទោសទៀត តែចម្លែកអីតែក្រុមឈ្មួញទាំងនេះយកទាំងគ្រឿងចក្រមកឈូសឆាយបែអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការទៅវិញ ពិតជាមិនយល់សោះ។
ជុំវិញករណីនេះដែរលោក ប៉ែន ជឹង អភិបាលនៃគណ:អភិបាលស្រុកគូលែនបានប្រាប់មកក្រុមអ្នកសាព័ត៏មានតាមប្រពន្ធ័តេលេក្រាមនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះថា ដីព្រៃដែលក្រុមឈ្មួញដាក់គ្រឿងចក្រឈួសឆាយខាងលើគឺស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អេមីនិន ខូលអិលធីឌី យ៉ាងណាក៏ដោយលោកអភិបាលស្រុកថា ក្រោយទទួលបាននូវព័ត៏មានខាងលើនេះហើយលោកបានដាក់ក្រុមកាងារ និងលោក សន ណូ ប្រធានក្រុមហ៊ុនដឹកនាំកម្លាំងចុះពិនិត្យស្រាវជ្រាវដើម្បីនិងរៀបចំបណ្ដឹង។
លោកបានបន្តទៀតថា ក្រុមខាងលើនេះគឺមកពីខេត្តសៀមរាប ពួកក្រុមឈ្មួញនេះគឺតែងតែឆក់ឱកាសក្នុងពេលរវល់បុណ្យទាន នៅពេលសមត្ថកិច្ចកំពុងជាប់រវល់ តែបើទោះជាយ៉ាងនេះក្តីលោកនឹងចាត់ចែងការងារនេះឱ្យមានលទ្ធផលល្អ នឹងរកជនល្មើសឱ្យឃើញ ទោះបីជាត្រូវបានមហាជន និងប្រជាពលរដ្ឋដាក់ការសង្ស័យមកលើអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធយ៉ាងណាក្តីក៏លោកអភិបាលស្រុកលោក ប៉ែន ជឹង ថាជាដីក្រុមហ៊ុនគឺជាដីព្រៃខាងលើបច្ចុប្បន្នគឺនៅសេសសល់យ៉ាងច្រើនប្រហែលជា៣០ទៅ៤០%តែប៉ុណ្ណោះដោយក្រៅពីនេះត្រូវបានក្លាយទៅជាចំការដំឡូងមីនិងមួយផ្អែកទៀតជាចំការស្វាយឬ ក៏ស្វាយចន្ទីអស់រួចទៅហើយ។
ចំពោះការឈូសឆាយដីព្រៃរបស់ក្រុមហ៊ុនខាងលើនេះពលរដ្ឋ និងមហាជនជាច្រើនបានដាក់ការសង្ស័យថា ទំនងជាក្រុមហ៊ុនខាងលើក្ស័យធន់ហើយទើបមកដល់និងម៉ោងនេះមិនឃើញក្រុមហ៊ុនមានសកម្មភាពអភិវឌ្ឍទៅលើអ្វីមួយនៅលើផ្ទៃដីរបស់ខ្លួនដូចសព្វថ្ងៃនេះ តែអ្វីដែលច្បាស់នោះដីដែលឈ្មួញកំពង់ឈូសឆាយនោះគឺពិតជាដីរបស់ក្រុមហ៊ុនពិតប្រាកដមែន។
គួររំលឹកដែលថាកាលពីកន្លងមកមានករណីដូចគ្នានេះដែរ គឺករណីដីក្នុងក្រុមហ៊ុនសីលាដាមិច ជាដើមដែលក្រោយពីការរំលោភកាន់កាប់ខុសច្បាប់ពីសំណាក់ក្រុមឈ្មួញក៏ដូចជាក្រុមប្រជាពលរដ្ឋចំណាកខេត្តផ្សេងៗ មកកាប់ឈូសឆាយក្រោយមកម្ចាស់ក្រុមហ៊ុនសើររើវិញបានធ្វើឱ្យរាល់បញ្ហាទាំងអស់ធ្លាក់លើរដ្ឋបាលខេត្តទាំងស្រុងជាអ្នកដោះស្រាយរាល់បញ្ហា។
ប្រជាពលសុំសំណូមពរទៅលោកឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ គីម រិទ្ធី មេត្តាចាត់វិធានការត្រួតពិនិត្យមើលតំបន់នេះឱ្យបានស៊ីជម្រៅ ហើយពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម នឹងមិនទុក្ខបណ្ដែតបណ្ដោយឱ្យពួកក្រុមឈ្មួញទាំងនេះនៅបានបន្តធ្វើសកម្មភាពឈូសឆាយដោយសេរីបែបនេះទៀតទេ ព្រោះកន្លងមកឯកឧត្តមធ្លាប់លើកឡើងហើយថាប្រទេសប្រជាធិបតេយ្យមិនមែនអាណាធិបតេយ្យអ្នកណាដណ្ដើមឬច្បាមយកអីបានតាមតែអំពើចិត្តទេរឿងសម្បត្តិធនធានធម្មជាតិនោះ ចំនុចនេះហើយប្រាកដជាឯកឧត្តនឹងមិនទុក្ខឱ្យករណីថ្មីដែលកើតមានបន្តទៀតទេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក សន ណូ ប្រធានក្រុមហ៊ុន អេមីនិន ខូអិលធីឌី បានទេដោយមិនមានលេខទូរសព្ទ័ទំនាក់ទំនង។
ចំពោះករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានទៅលើក្រុមឈ្មួញដែលបានយកគ្រឿងចក្រមកឈូសឆាយយកដីសម្បទានរបស់ក្រុមហ៊ុនអេមីនិន ខូអិលធីឌី យ៉ាងណាវិញ យើងខ្ញុំផ្សាយតែរឿងពិតមិនបំពាន ឬញ៉ុះញង់ ធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណាមួយឡើយ ផ្សាយតាមវិជ្ជាជីវៈយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ៕