
ខួបកំណើតគម្រប់ឆ្នាំរបស់កូនដំរីឈ្មោះ ណូអែលទេវី ត្រូវបានអ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សបង្កាត់ពូជដំរី «អៃរាវត្តា» រៀបចំធ្វើពិធីខួបកំណើតឲ្យយ៉ាងឱឡារឹកនៅតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង
រតនគិរី៖ នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរី «អៃរាវត្តា» បានអញ្ជើញចាស់ទុំក្នុងមូលដ្ឋាន ស្ថិតនៅតំបន់រមណីយដ្ឋានទឹកជ្រោះកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ចូលរួមពិសារបាយសាមគ្គី សម្តែងការដឹងគុណដល់ចាស់ទុំនៅក្នុងមូលដ្ឋាន ដែលជាបងប្អូនអ្នកភូមិផងរបងតែមួយ តែងតែបានផ្តល់ការសហការចូលរួមក្នុងការបង្កភាពងាយស្រួលគោរពស្រលាញ់តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ។
បើតាមការបញ្ជាក់របស់អ្នកស្រី ខៃ ចិន្តា ជាម្ចាស់សហគមចិញ្ចឹមអភិរក្ស និងបង្កាត់ពូជដំរី អៃរាវត្តា បានមានប្រសាសន៍ប្រកបដោយក្តីគោរពស្រលាញ់បងប្អូនចាស់ទុំថា ការជួបជុំគ្នាប្រកបដោយភាពរាក់ទាក់ស្និទ្ធស្នាលពិសារបាយសាមគ្គីនាថ្ងៃនេះ គឺជាភាពជោគជ័យដ៏ធំធេងមួយ ក្នុងការប្រារព្ធខួបកំណើតកូនដំរីមានឈ្មោះ ណូអែលទេវី ។ ដែលណូអែល បានកើតនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ហើយរហូតមកដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះកូនដំរី ឈ្មោះណូអែលទេវី គឺមានអាយុបីឆ្នាំគត់ ដោយឪពុករបស់វាមានអាយុ៥២ឆ្នាំ នឹងម្តាយរបស់វាមានឈ្មោះ អ៊ីកែវ មានអាយុ៤២ឆ្នាំ។
បច្ចុប្បន្ននៅក្នុងខេត្តរតនគិរី អ្នកស្រី ខៃ ចិន្តា ប្រធានសមាគម អភិរក្ស បង្កាត់ពូជដំរី «អៃរាវតា» ត្រូវបានមជ្ឈដ្ឋានមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិហាក់បានសម្លឹងមើលឃើញថា បានពុះពារគ្រប់ឧបសគ្គដើម្បីថែរក្សាអភិរក្សបង្កាត់ពូជដំរីស្រុក ដែលជាសត្វស្ទើតែផុតពូជទៅហើយនោះ ។
រីឯតាមការបញ្ជាក់របស់ម៉ដំរីបានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងសមាគម អភិរក្ស «ដំរីអៃរាវត្តា» មានដំរីចំនួន៣ក្បាលដែលកំពុងធ្វើសកម្មភាពបម្រើអោយវិស័យទេសចរណ៍ដឹកភ្ញៀវជាតិនឹងភ្ញៀវអន្តរជាតិដើរកំសាននៅតាមតំបន់ដងព្រៃអូររមណីយដ្ឋានទេសចរណ៍ទឹកជ្រោះកាទៀង ដោយមានការមើលថែការពារយ៉ាងយកចិត្តទុកដាក់ពីអ្នកស្រីនឹងស្វាមីជាជនជាតិបារាំងយ៉ាងដិតដល់ ។
បច្ចុប្បន្នបើទោះបីសមាគម អភិរក្សដំរី អៃរាវតា របស់អ្នកស្រីបានជួបការលំបាកផ្នែកហិរញ្ញវត្ថុមើលថែទាំដំរីយ៉ាងណាក្តី តែអ្នកស្រី នៅតែពុះពារតស៊ូ ដើម្បីលើកស្ទួយថែរក្សាអោយបានគង់វង្ស នៅពូជដំរីដើម្បីអោយជំនាន់ក្រោយស្គាល់ បានយល់ បានដឹង ។ ដោយមានការគាំទ្រឧបត្ថម្ភពីក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន នោះផងដែរក្នុងរយៈពេលកន្លងមក ៕
រាយការណ៌ពីសមាគមអៃរាវតា ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី
ដោយគេហទំព័រខ្មែរឦសានខេត្តរតនគិរី