
ខេត្តមណ្ឌលមានអគ្គីភ័យមួយកើតឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងស្រុកពេជ្រជ្រាដា ទាំងព្រឹក
មណ្ឌលគិរី៖ វេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៥ មានករណីភ្លើងឆេះផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសីទំហំ ៧x៩ម៉ែត្រ យ៉ាងសន្ធោសន្ធៅមួយកន្លែងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីដោយសារតែម្ចាស់ផ្ទះមិននៅទើបបណ្ដាលឱ្យឆេះ។
យោងតាមប្រភពពីអធិការនគរបាលស្រុកពេជ្រាដា បានប្រាប់មកភ្នាក់ងារអង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំថា ផ្ទះដែលបានឆេះនោះម្ចាស់ផ្ទះឈ្មោះ យូត អ៊ីន ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិព្នង និងប្រពន្ធឈ្មោះ ក្រោះ អៀន ភេទស្រីអាយុ ៣២ឆ្នាំ ជនជាតិព្នង មុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយចំពោះករណីភ្លើងឆេះផ្ទះធ្វើឱ្យពួកគាត់បាត់បង់ទ្រព្យសម្បត្តិជាច្រើនដូចជា
-គ្រែប្រអប់ចំនួន០៤
-ទូរដាក់ខោអាវ ចំនួន០២
-កុំព្យូទ័រ ០១គ្រឿង
-ទូរទស្សន៍ ០១គ្រឿង
-ធុងបាស់ចំនួន ០១
-ម៉ាស៊ីនកាត់ស្មៅចំនួន ០២
-ត្រង់សឺន័រ ចំនួន០២
-ស្រូវចំនួន ០៦ បេ
-លុយខ្មែរ ៤លានរៀល
-លុយវៀតណាម ៥លានដុង និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត។
យោងតាមការសួរបំភ្លឺពីម្ចាស់ផ្ទះឈ្មោះ យូត អ៊ីន បានប្រាប់ថា មូលហេតុបណ្ដាលអោយឆេះមកពីឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន។
គួររំលឹកថា នេះមិនមែនជាករណីភ្លើងឆេះផ្ទះតែមួយនៅក្នុងឆ្នាំ២០២៥នេះទេ គឺកន្លងមកមានច្រើនករណីណាស់មកហើយ សូមបងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាយើងមេត្តាមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ព្រោះករណីភ្លើងឆេះផ្ទះនេះធ្វើឱ្យយើងបាត់បង់ទ្រព្យសម្បត្តិអស់តែមួយពព្រិចភ្នែកតែប៉ុណ្ណោះ៕