
តើមានអ្វីលាក់កំបាំងចំពោះកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងជាប់នឹងទំនប់៦មករា ស្ថិតក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានជាអាជ្ញាធរឃុំហាក់បីដូចជាមានការលាក់លៀម សូម្បីតែអត្តសញ្ញាណរបស់កសិដ្ឋានក៏មិនហ៊ានបង្ហាញ
កំពង់ធំ៖ កាលពីថ្ងៃថ្ងៃច័ន្ទ២៨ ខែមេសាឆ្នាំ២០២៥ អ្នកសារព័ត៌មានរបស់អង្គភាពខ្មែរឦសានបានចុះទៅដល់ទីតាំងរបស់កសិដ្ឋានចិញ្ចឹមត្រីម្តងទៀត ហើយនៅតែឃើញកសិដ្ឋានមួយនេះបានរំលោភយកដីត្រពាំងឬស្សី ស្ថិតក្នុងភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុកខេត្ត កំពង់ធំ មិនត្រឹមតែបង្ហូរទឹកស្អុយចេញពីកសិដ្ឋានប៉ុណ្ណោះទេ ថែមទាំងធ្វើលូត្រៀមបង្ហូរទឹកស្អុយចូលក្នុងអាងទឹកទំនប់៦មករា ថែមទៀតផង។
ប្រភពពីប្រជាពលរដ្ឋជាច្រើនប្រាប់មកកាន់ភ្នាក់ងាអ្នកសារព័ត៌មានយើងថា កន្លងមកកសិដ្ឋានបានបង្កឱ្យទឹកក្នុងត្រពាំងមានល្អក់នៅពេលដែលកសិដ្ឋានប្តូរទឹកម្តងៗតែងតែបង្ហូរចូលទៅក្នុងត្រពាំងឬស្សី បង្ករឱ្យមានផលប៉ះពាល់ដល់ពួកគាត់ដូចជា រកត្រី រកខ្យង ដាក់មង ចងសន្ទូច ជាដើម ហើយពិសេសជាងនេះទៀតនោះគឺបណ្ដាលឱ្យកើតដំបៅជើង ដៃ រមាស់ ស្កៀប ក៏ដូចជាត្រីងាប់ជាច្រើនខណៈពេលដែលកសិដ្ឋានបង្ហូរកាកសំណល់ចូលម្តងៗ។
ពួកគាត់បានបន្ថែមថា ពីមុនពួកគាត់រកត្រីក្នុងមួយថ្ងៃក៏បានពី៥ ទៅ១០ គីឡូក្រាមដែរ តែចាប់តាំងពីកសិដ្ឋានបានបង្ហូរទឺកញឹកញាប់ពេកបានធ្វើឱ្យត្រីងាប់ច្រើន ពីមុនត្រីងាប់ដោយសារជាប់មង តែឥលូវត្រីមិនជាប់មងក៏ងាប់ដែរ ដោយសារតែកាកសំណល់បង្ហូរចេញពីកសិដ្ឋានចិញ្ចឹមត្រីមួយនេះឯង ហើយបើបន្ទប់ទឹកវិញធ្វើនៅតាមបណ្តោយមាត់បឹង និយាយឱ្យចំទៅគឺបង្ហូរចូលត្រពាំងតែម្តង។
ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ដែលគាត់អាស្រ័យផលលើការនេសាទក្នុងត្រពាំងឬស្សី និងនៅក្នុងអាងទឹកបានប្រាប់មកភ្នាក់ងារព័ត៌មានខ្មែរឦសានយើងថា ពួកគាត់ឈឺចិត្តទៅលើកសិដ្ឋាននេះណាស់ ដោយពួកគាត់ចង់ប្រាប់ទៅម្ចាស់ផ្ទាល់ដើម្បីរៀបរាប់នូវបញ្ហា ដែលពួកគាត់ជួបប្រទះ តែពួកគាត់មិនស្គាល់អត្តសញ្ញាណម្ចាស់កសិដ្ឋានទេ ដោយគ្រាន់តែដឹងតៗគ្នាថា នៅក្នុងកសិដ្ឋាននោះកម្មករដែលធ្វើការនៅខាងក្នុងភាគច្រើនជាជនជាតិវៀតណាម ខ្មែរមានតិចតួចបំផុត។
ហើយក៏មិនដឹងថា ប្រាប់ទៅលោកមេឃុំថាយ៉ាងមិចដែរបើលោកមេឃុំតែងតែនិយាយថា កសិដ្ឋានគេមិនបង្ករឱ្យមានផលប៉ះពាល់អីដល់បរិស្ថាន ក៏ដូចជាមានក្លិនស្អុយជះចេញមកដែរ មានតែពឹងដល់អ្នកសារព័ត៌មានដើម្បីពាំនាំផលពិបាករបស់គាត់ទៅកាន់ថ្នាក់ដឹកនាំដែលអាចជួយដោះស្រាយបញ្ហារបស់ពួកគាត់បាន។
ពាក់ព័ន្ធនឹងករណីខាងលើនេះអង្គភាពយើងខ្ញុំបានធ្វើការចុះផ្សាយម្តងរួចមកហើយ បានសុំការបំភ្លឺពីលោក អឿន មេភូមិល្អក់បានប្រាប់ថា កសិដ្ឋាននេះដូរថៅកែច្រើនពេកលោកមិនបានចាំថាឈ្មោះអីនោះទេ ពាក់ព័ន្ធនឹងរឿងបង្ហូរទឹកកង្វក់លោកបានបញ្ជាក់ថា មិនដែលមានប្រជាពលរដ្ឋណាតវ៉ារឿងជះក្លិនអីនោះទេ ប៉ុន្តែវាពិតជាធ្វើឱ្យមានផលប៉ះពាល់ដល់បរិស្ថានពិតប្រាកដមែន ចំណែកលោកមេឃុំ ចាយ ប៊ុនលី បានបដិសេធថា កសិដ្ឋានមិនបានធ្វើឱ្យមានផលប៉ះពាល់ដល់ពលរដ្ឋណាទេ ហើយបើមានមិចបានមកប្តឹងគាត់ មិចបានទៅប្តឹងអ្នកកាសែតទៅវិញ។
រហូតមកដល់បច្ចុប្បន្នភ្នាក់ងារយកព័ត៌មានរបស់អង្គភាពខ្មែរឦសានបានចុះទៅទីតាំងកសិដ្ឋានចិញ្ចឹមត្រីនោះកាលពីពេលថ្មីៗនេះម្តងទៀតឃើញថា នៅតែមានការបង្ហូរទឹកចេញពីកសិដ្ឋានចូលទៅក្នុងត្រពាំងដដែល ហើយអីដែលបានឃើញប្លែកជាងមុននោះគឺ កសិដ្ឋានបានធ្វើលូត្រៀមបង្ហូរទឹកស្អុយចូលក្នុងអាងទឹកទំនប់៦មករា បន្ថែមទៀតទៅវិញ។
អង្គភាពសារព័ត៌មានបានសុំការបំភ្លឺពីលោកមេឃុំ ចាយ ប៊ុនលី មេឃុំកំពង់ថ្ម ម្តងទៀត លោកបានប្រាប់តាមទូរស័ព្ទថា កសិដ្ឋានចិញ្ចឹមត្រីនឹងនៅកន្លែងណាយើងជាអ្នកសារព័ត៌មានមិចមិនចុះទៅថតដល់ទីតាំងផ្ទាល់ទៅ ហើយសុំគេចូលទៅក្នុងកសិដ្ឋានថតទៅ គាត់សុំលាក់អត្តសញ្ញាណកសិដ្ឋានសិន ហើយលោកក៏គ្មានលេខទូរស័ព្ទរបស់កសិដ្ឋានដែរព្រោះនៅជិតគ្នាមានការអីលោកទៅកសិដ្ឋានផ្ទាល់តែម្តង ហើយលោកក៏បានបញ្ជាក់ថា កសិដ្ឋានគេមានឈ្មោះត្រឹមត្រូវ ដាក់ស្លាកអីត្រឹមត្រូវតាស ប៉ុន្តែអ្វីដែលជាក់ស្តែងភ្នាក់ងារព័ត៌មានរបស់យើងខ្ញុំជិះរកជុំវិញកសិដ្ឋានមិនឃើញមានដាក់ឈ្មោះរបស់កសិដ្ឋាននៅកន្លែងណាទេ និយាយឱ្យខ្លីគឺគ្មានអត្តសញ្ញាណតែម្តង សូម្បីតែពលរដ្ឋនៅជុំវិញទីតាំងនោះក៏មិនដឹងថា ឈ្មោះអីដែរ គឺគ្រាន់តែដឹងថាជាកសិដ្ឋានចិញ្ចឹមត្រីតែប៉ុណ្ណោះ។
សូមស្តាប់ការបកស្រាយបំភ្លឺរបស់លោកមេឃុំកំពង់ថ្ម ចាយ ប៊ុនលី
ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងខាងលើ បានសុំឱ្យអ្នកសារព័ត៌មានយើងជួយផ្សព្វផ្សាយក៏ដូចជានាំសារជូនដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធមេត្តាចុះមកស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ទៅលើកសិដ្ឋានមួយនេះផងទាន ព្រោះថាមេភូមិបានប្រាប់ថាមានផលប៉ះពាល់ដល់បរិស្ថានពិតប្រាកដមែន ចំណែកឯមេឃុំគាត់បានឆ្លើយបដិសេដម្តងហើយម្តងទៀតថាមិនមានរឿងបែបនេះឡើយ ថែមទាំងមិនព្រមប្រាប់ឈ្មោះម្ចាស់កសិដ្ឋានទៀត។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំមិនមានលេខទំនាក់ទំនងណាមួយដើម្បីសុំការបំភ្លឺពីម្ចាស់កសិដ្ឋានចិញ្ចឹមត្រីខាងលើនេះទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។
តែទោះជាយ៉ាងណាអង្គភាពយើងខ្ញុំនៅតែបន្តរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធមានចំណាត់ការយ៉ាងណាទៅលើការបង្ករឱ្យមានប៉ះពាល់ដល់បរិស្ថាននៅក្នុងទីតាំងខាងលើ អង្គភាពយើងខ្ញុំផ្សាយតែរឿងពិត មិនមានចេតនាញ៉ុះញ៉ង់ធ្វើឱ្យប៉ះពាល់ស្ថាប័នណាមួយឡើយ ផ្សាយទៅដោយក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ហើយនឹងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនឹងម៉ោងធ្វើការ៕
រាយការណ៍ដោយ រឿន យ៉ត ភ្នាក់ងារព័ត៌មានខេត្តកំពង់ធំ