
ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ និងបក្សពួកបានគៀបយកលុយឆៅៗបើទោះជារថយន្តដឹកទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់ក៏ដោយ
កំពង់ស្ពឺ ៖ ស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺបានឱ្យមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅទីនោះ តម្រូវអោយបង់លុយ បើទោះបីជារថយន្ដពួកគាត់ផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជជញ្ជីងថ្លឹងនៅចំណុចនោះដោយមិនរំលងបានដែរ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏ដោយនៅតែចៀសមិនផុតពីបង់លុយក្រោមតុ លើតុ ឱ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥១ ឃុំដំណាក់រាំង ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺ ដោយមិនអាចតវ៉ាអ្វីបានឡើយ។
ហេតុនេះហើយទើបក្រុមឈ្មួញនិងអាជីវករ អំអំពាវនាវដល់លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់លោក សោម សុធា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥១ និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះផងទាន។
ពលរដ្ឋមួយចំនួនបានស្នើរមកអង្គភាពយើងខ្ញុំដើម្បីជាសារផ្តល់ដំណឹងទៅថ្នាក់លើមេត្តាមកជួយតាមដានទៅលើស្ថានីយ៍ជញ្ជីងថ្លឹងលុយខាងលើនេះ ឬក៏ស្ថានីយថ្លឹងរថយន្តដើម្បីកាពាសុវត្ថិភាពផ្លូវដូច្នេះហើយសូមលោករដ្ឋមន្ត្រីក្រសួងសាធារណការមេត្តាត្រួតពិនិត្យតាមស្ថានីយជញ្ជីងមួយនេះ។
ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥១ ក្នុងឃុំដំណាក់រាំង ស្រុកឧដ្ដុង គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។
ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥១ ដោយគ្មានការព្រួយបារម្ភនោះទេផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឱ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះ ធ្វើឱ្យខូចផ្លូវ ខូចស្ពាននោះទេ។
ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដ្ដុង បានឱ្យដឹងទៀតថា ពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដ គេតែងតែឃើញ ព្រូរថយន្ត ឬអ្នកបើកបររថយន្តរត់ឆ្លងផ្លូវយ៉ាងប្រសេចប្រសាចទៅបង់លុយឱ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមការកំណត់ ដោយមិនអាចតវ៉ាបានទេ។
ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ា ប្រាកដជាត្រូវក្រុមមន្ត្រី ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ៥១ ឃុំដំណាក់រាំង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ រករឿងឱ្យរើទំនិញចុះឡើងតាមទំនើងចិត្ត របស់ពួកគេជាមិនខាន។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេសនៅតែអាចបើកបរលើផ្លូវខាងមុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥១ ឃុំដំណាក់រាំង ស្រុកឧដ្ដុង យ៉ាងគគ្រឹកគគ្រេង បណ្ដាលឱ្យខូចផ្លូវ ខូចស្ពានជាបន្តបន្ទាប់។
ដែលបញ្ហានេះសូម លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក សោម សុធា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥១ ឃុំដំណាក់រាំង ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺ កំពុងប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយជិះសេះលែងដៃ ៕
សួស្ដីបងប្អូនជាទីរាប់អានដែលនិយមចូលចិត្តតាមដានរាល់ព័ត៌មានខ្មែរឦសានយើងខ្ញុំផ្សាយតែរឿងពិតពុំមានចេតនាញុះញង់មួលបង្កាច់អង្គភាពឬស្ថាប័នណាមួយឡើយផ្សាយទៅតាមក្រមសីលធម៌និងវិជ្ជាជីវៈនៃរបបសារព័ត៌មានសូមអរគុណ៕