
មន្ត្រីសុរិយោដីស្រុកពួក ស្ថិតក្នុងភូមិប្រាសាទ ភូមិព្រៃវេងនិង ភូមិដូនស្វា ឃុំសំរោងយាស្រុកពួកខេត្តសៀមរាបបានកំណត់ឱ្យប្រជាពលរដ្ឋដែលមកធ្វើប្លង់កម្មសិទ្ធិដីត្រូវបង់ប្រាក់ចំនួន៥ម៉ឺនរៀលក្នុងមួយក្បាលដី
សៀមរាប៖ ប្រជាពលរដ្ឋប្រតិកម្មចំពោះមន្ត្រីសុរិយោដីស្រុកពួកបានតម្រូវឱ្យបង់ប្រាក់ក្នុងមួយក្បាលដី៥ម៉ឺនរៀលយ៉ាងខ្លាំងដោយពួកគាត់បានត្អូញត្អែរថា ក្នុងមួយក្បាលដី៥ម៉ឺនរៀល ចុះខ្ញុំកាត់ដីចែកកូន៧នាក់ ក្នុងទំហំដី១ហិកតានោះខ្ញុំត្រូវបង់អស់៣៥ម៉ឺនទៅហើយ តើរកលុយមកពីណាទាន់ដើម្បីយកបានប្លង់កម្មសិទ្ធិដីទៅ?
ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ អង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅស្រុកពួកបានប្រាប់ថា ពួកគាត់ទៅធ្វើប្លង់កម្មសិទ្ធិដី ហើយត្រូវបានមន្ត្រីសុរិយោដីស្រុកពួកតម្រូវឱ្យបង់ប្រាក់ក្នុងមួយក្បាលដី៥ម៉ឺន ដោយគ្មានវិក័យប័ត្រអីនោះទេ ការធ្វើប្លង់ជាប្រព័ន្ធជូនពួកគាត់មានការលំបាកដោយមន្ត្រីសូរិយោដីឆ្លើយថាធ្វើខុសនេះខុសនោះរហូត ពួកគាត់បានត្អូញត្អែរថា តម្លៃសរសេរឯកសារមួយម៉ឺនរៀលផ្សេងចំណែកបង់ពន្ធដីគាត់បានបង់ពន្ធជូនហើយក៏មានវិក័យប័ត្រត្រឹមត្រូវ ក៏ប៉ុន្តែចំណែកលុយ ៥ ម៉ឺនដែលមន្ត្រីសូរិយោដីបានកំណត់យកពីពួកគាត់នោះពុំបានបញ្ជាក់ថាយកទៅណាទេ។
ចំពោះករណីត្អូញត្អែររបស់ប្រជាពលរដ្ឋខាងលើនេះ អង្គភាពយើងខ្ញុំបានសុំការបំភ្លឺពីលោក អ៊ុក អាន មេភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប លោកបានបញ្ជាក់ប្រាប់មកអ្នកសារព័ត៌មានយើងថា ពិតជាបានយកលុយដូចពលរដ្ឋថាមែនចំណែកឯលុយបង់ពន្ធដីត្រឹមត្រូវហើយ ក៏ប៉ុន្តែដោយឡែកតែលុយតម្រូវឱ្យបង់ក្នុងមួយក្បាលដី៥ម៉ឺនរៀល លុយនោះគាត់មិនដឹងថា ថ្នាក់លើតម្រូវឱ្យយកឬយ៉ាងណាឡើយ។
លោកមេភូមិបានបញ្ជាក់បន្ថែមទៀតថា បើមន្ត្រីសុរិយោដីធ្វើរបៀបនេះវាពិបាកដល់ពលរដ្ឋខ្លាំងណាស់ ព្រោះពលរដ្ឋកំពុងមានការខ្វះខាត អ្នកខ្លះរកតែបាយ២ពេលមិនចង់ទាំងបានផង ចុះទម្រាំតែតម្រូវឱ្យបង់ប្រាក់៥ម៉ឺនរៀលទៀតតើគាត់ទៅរកពីណាមក ទីពីរធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋ ដោយពេលនេះជិតដល់ពេលបោះឆ្នោតឆាប់ៗខាងមុខនេះផង។
បើយោងតាមការបញ្ជាក់របស់លោកប្រធានការិយាល័យស្រុកពួកបានប្រាប់ថា ប្រហែលជាគាត់បង់ឱ្យគេរត់ការបើកជើងម៉ែត្រអីទេដឹង ហើយរឿងសរសេរឯកសារយក១ម៉ឺនរៀលនឹង គឺប្រជាពលរដ្ឋគាត់មិនចេះសរសេរ សរសេរខ្លួនឯងខុសចឹងគាត់ពឹងឱ្យគេសរសេរឱ្យគាត់ជូនគេគឺជាទឹកចិត្តរបស់គាត់ទេ ចំណែករឿងយកលុយ៥ម៉ឺនលោកមិនបានដឹងទេ។
ចំណែកលោកប្រធានមន្ទីរសុរិយោដីស្រុកពួកបានបញ្ជាក់ប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថា កន្លងមកពិតជាមានការយកលុយមែន តែឥឡូវគាត់បានណែនាំមន្ត្រីក្រោមឱវាទ ភូមិ ឃុំ និងមន្ត្រីដែលពាក់ព័ន្ធគឺហាមដាច់ខាតមិនឱ្យមានយកលុយក្រៅប្រព័ន្ធអីបន្តទៀតនោះទេ ប្រសិនបើមានបន្តទៀតលោកនឹងចាត់វិធានការទៅតាមនឹងហើយ។
ប្រជាពលរដ្ឋដែលរស់នៅភូមិប្រាសាទ ភូមិព្រៃវេង និងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួកខេត្តសៀមរាប សុំសំណូមពរដល់មន្ត្រីសុរិយោដីខេត្ត មេត្តាឈប់បន្តការគៀបយកលុយពីពលរដ្ឋក្រោមហេតុផលផ្សេងៗក្នុងការបន្តធ្វើពាក្យស្នើរសុំប័ណ្ណកម្មសិទ្ធិដីនេះបន្តទៀត កុំឱ្យបញ្ឈប់តែពេលពលរដ្ឋតវ៉ា បានមួយចម្អិនកំពឹសក៏ចាប់ផ្តើមបន្តគៀបយកលុយពីពលរដ្ឋទៀត ព្រោះកន្លងមកតែងតែធ្វើបែបនេះ សូមឱ្យតែធ្វើតាមតែគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចុះមកទៅបានហើយកុំឱ្យលើសពីនឹងទៀត។
អង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំផ្សាយតែរឿងពិត មិនមានបំណងញ៉ុះញ៉ង់ ឬបង្ករឱ្យមានផលប៉ះពាល់ដល់ស្ថាប័នណាមួយឡើយ ហើយនឹងរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ៕