
ផ្ទះរបស់លោក ណុប ណោ ជាគ្រូពេទ្យចិត្តធម៌ នៅឃុំត្រពាំងក្រហម ខេត្តរតនគិរី ត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់
រតនគិរី៖ នៅវេលាម៉ោង ២ និង៤០នាទី រំលងអាធ្រាតថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គីភ័យមួយឆាបឆេះអស់ផ្ទះមួយខ្នងរបស់លោកគ្រូពេទ្យចិត្តធម៌ តែងតែជួយព្យាបាលចាស់ជរាដោយមិនគិតប្រាក់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី លោកគ្រូពេទ្យឈ្មោះ ណុប ណោ អាយុ៤៥ឆ្នាំ ប្រពន្ធ ឈ្មោះ ពេជ្រ ស្រីខួច អាយុ៣៨ឆ្នាំមានកូន៣នាក់នៅក្នុងបន្ទុក កូនស្រីច្បងពោះធំជិតគ្រប់ខែ ពុំមានគ្រោះថ្នាក់អ្វីទាំងអស់គ្នា។
យោងតាមប្រភពពីម្ចាស់ផ្ទះបានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំថា គាត់ពុំបានដឹងភ្លើងកំពុងឆាបឆេះផ្ទះរបស់គាត់នោះទេ ហេតុដែលលោកដឹងនោះគឺលោកក្រោកទៅបន្ទប់ទឹកក្រោយត្រឡប់មកវិញក៏ឃើញភ្លើងកំពុងតែឆេះផ្ទះរបស់គាត់យ៉ាងសន្ធោសន្ធៅទៅហើយ។
លោកបានបន្តថា បន្ទាប់ពីដឹងថាភ្លើងឆាប់ឆេះផ្ទះរបស់គាត់ភ្លាម គាត់ក៏បានស្រាវជ្រាវរកលេខលោកមេប៉ុស្តិ៍ឃុំត្រពាំងក្រហម គឺលោក ប៉ាក ពៅ ទើបលោកមេប៉ុស្តិ៍ត្រពាំងក្រហមលោកខ្នះខ្នែងយកចិត្តទុកដាក់ខលទៅឡានទឹកនៅប្រចាំការនៅអធិការដ្ឋានស្រុកកូនមុំ ឡានទឹករួសរាន់មកដល់កន្លែងកើតហេតុនៅម៉ោង៣:៤០នាទី រំលងអាធ្រាតបានមកដល់កន្លែងកើតហេតុ តែជាអកុសលពេលឡានទឹកមកដល់ ភ្លើងបានលេបត្របាក់ស្ទើរតែទាំងស្រុងអស់ទៅហើយ តែមិនបានឆេះរាលដាលដល់ផ្ទះរបស់អ្នកដ៏ទៃនោះទេ។
លោក ណុប ណោ បានបន្ថែមថា រីឯទ្រព្យសម្បត្តិដែលបានខាតបង់រួមមាន ផ្ទះ១ខ្នងសង់អំពីឈើ និងដែក ប្រក់សង្កសី និងទ្រព្យសម្បត្តិអស់ទាំងស្រុងមាន រួមមានគ្រឿងសង្ហារឹម វិញ្ញាបនប័ត្រពេទ្យរបស់គាត់ក៏ឆេះគ្មានសល់ដែរ គិតជាទឹកប្រាក់អស់ចំនួនមិនក្រោម ៤០០០០ដុល្លារអាមេរិក នោះទេ ។
នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉ិច គឹមហ៊ ជំទប់ទី១ បានយកសាហ្ស័រទៅឈូសពង្រាបទីតាំងផ្ទះរបស់លោកគ្រូពេទ្យដើម្បីឱ្យលោកគ្រូពេទ្យ និងក្រុមគ្រួសាររបស់គាត់សាងសង់កូនផ្ទះមួយដើម្បីស្នាក់នៅវិញ។
លោកគ្រូពេទ្យ និងភរិយាព្រមទាំងកូនៗសូមគោរពអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ជាពិសេសលោកមេប៉ុស្តិ៍ លោកមេភូមិ មេឃុំ ជំទប់ទី១ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំត្រពាំងក្រហមទាំងមូល លោកអភិបាលនៃ គណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន លោកបានចំណាយថវិកាមួយចំនួនធំ និងសូមសម្ដែងការដឹងគុណពិសេសទៅដល់ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលលោកបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលរងគ្រោះដូចជាគាត់ និងសូមគោរពជូនពរសូមឱ្យមានសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច។
ប្រភពពីប្រជាពលរដ្ឋជាច្រើនបានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា លោក ណុប ណោ គឺជាគ្រូពេទ្យដ៏គំរូប្រចាំឃុំត្រពាំងក្រហមគឺលោកតែងតែជួយព្យាបាលដល់ជនក្រីក្រ ចាស់ជរា មិនដែលយកប្រាក់ ពេលខ្លះក៏ផ្តល់ថវិការផ្ទាល់ខ្លួនបន្ថែមទៀត ពួកគាត់ពិតជាក្តុកក្តួលជាពន់ពេកក្រោយទទួលដំណឹងថាភ្លើងឆេះផ្ទះលោកគ្រូពេទ្យយ៉ាងនេះ។
ប្រភពពីអ៊ុំស្រីម្នាក់គាត់បាននិយាយថា គាត់ត្រូវបានលោកគ្រូពេទ្យព្យាបាលដោយមិនគិតថ្លៃដែរ រីឯលោកអ៊ុំប្រុសម្នាក់ទៀតគាត់ប្រាប់ថាម្តាយរបស់គាត់មានជំងឺថ្លើមរយៈពេល៧ឆ្នាំក៏លោកគ្រូពេទ្យមិនដែលយកលុយមួយរៀលដែរ។ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយលោកគ្រូពេទ្យបានប្រាប់មកអង្គភាពយើងថា លោកគ្រូពេទ្យជាមនុស្សល្អ តែងតែយកអសារអ្នកដ៏ទៃមិនថាមនុស្សចាស់ ឬក្មេងនោះទេ គឺលោកគ្រូពេទ្យតែងតែឧបត្ថម្ភអាហារ មនុស្សជាច្រើនហៅគាត់ឳពុកស្ទើរតែគ្រប់គ្នាទៅហើយ។
ប្រជាពលរដ្ឋសុំសំណូមពរដល់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវធិបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមលោកមេត្តាជួយដល់លោក ណុប ណោ លោកគ្រូពេទ្យចិត្តធម៌ និងប្រកបដោយក្រមសីលធម៌របស់គ្រូពេទ្យមិនរើសអើងអ្នកជម្ងឺ ហើយថែមទាំងជួយព្យាបាលមិនយកប្រាក់ ដោយមិនខ្លាចខាតបង់ផលប្រយោជន៍ ឬថវិការផ្ទាល់ខ្លួននោះទេ សូមសម្តេចមេត្តាជួយឱ្យលោកគ្រូពេទ្យមានកន្លែងដើម្បីព្យាបាលអ្នកជម្ងឺវិញផង។
អង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំសូមធ្វើការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាននៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ប្រជាពលរដ្ឋនៅក្នុងភូមិទាំងមូលបានសហការជួយដល់លោកគ្រូពេទ្យយ៉ាងសស្រាក់សស្រាំ ជាពិសេសលោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរី កាកកបាទក្រហមកម្ពុជា និងប្រមុខរាជរដ្ឋាភិបាល នេះបញ្ជាក់ឱ្យឃើញច្បាស់ពីការចេះជួយយកអសារគ្នាក្នុងគ្រាមានអាសន្នសមនឹងពាក្យថា «ខ្មែរជួយខ្មែរ» មិនថាទៅដល់ទីណានោះទេ៕