
លោកមន្ត្រីយោធាពាក់សក្តិ៤ម្នាក់បានយកកាំភ្លើងបាញ់ចំនួន៧គ្រាប់គំរាមដើម្បីយកដីប្រជាពលរដ្ឋនៅស្រុកកូនមុំមកធ្វើជាកម្មសិទ្ឋិរបស់ខ្លួន
រតនគិរី៖ កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ មន្ត្រីយោធាម្នាក់នៅស្រុកកូនមុំ ត្រង់ចំណុចភ្នំយ៉ាកណាង ស្រែទាហ៊ានស្ថិតនៅក្នុងភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី បានយកអាវុធAK47ស្វាយបត់មួយដើមទៅបាញ់ចំនួន៧គ្រាប់គំរាមប្រជាពលរដ្ឋយកដីខណ:ដែលពួកគាត់៣នាក់កំពុងតែភ្ជួរដាស់ដីស្រែដើម្បីបង្កបង្កើនផលនារដូវវស្សាខាងមុខនេះ។
ប្រភពពីពលរដ្ឋបានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំថា មន្ត្រីយោធាម្នាក់នោះមានឈ្មោះ ស៊ិន ទូច មានឋានន្តរសក្តិ ជាវរៈសេនីយ៍ទោ សក្តិ4កន្លះ ទទួលបន្ទុកនាយការិយាល័យអភិវឌ្ឈន៍ នៃតំបន់ប្រតិបត្តិការសិកខេត្តរតនគិរី ហើយជនរងគ្រោះដែលរងការបាញ់គំរាមមានចំនួនបីនាក់ រួមមានទី១.ឈ្មោះ សុខ តុង ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរកសិករ គឺជាសិស្សរៀនថ្នាក់ទី១១ ទី២.ឈ្មោះ សុខ ទីន ភេទប្រុស អាយុ២០ឆ្នាំជាប្អូន និងទី៣.ឈ្មោះ គឿន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាក្មួយ ជនរងគ្រោះទាំងបីនាក់ខាងលើមានទីលំនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនកើតហេតុពួកគាត់កំពុងតែភ្ជួរដីស្រែនៅទីតាំងខាងលើ ពេលនោះស្រាប់តែឃើញបុរសម្នាក់ពាក់ឯកសណ្ឋានជាយោធាដែលគេស្គាល់ឈ្មោះថា ស៊ិន ទូច ជាមន្រ្ដីយោធានោះ បានចុះពីលើរថយន្តប្រដាប់ដោយអាវុធAK47ស្វាយបត់ មួយដើម និងកាំភ្លើងខ្លីមួយដើមសៀតនៅចង្កេះ រួចដើរសំដៅទៅវាលស្រែដែលពួកគាត់កំពង់តែភ្ជួរដីដោយគោយន្តកន្ត្រៃយ៍ ភ្លាមនោះមន្ត្រីយោធាបានសួរនាំពីរបីមាត់ថា «អាណាអោយពួកឯងមកភ្ជួរដីនេះ?» ពួកគាត់ឆ្លើយតបសឹងមិនទាន់ផង មន្ត្រីយោធានោះ ក៍លើកកាំភ្លើងអាការួចបាញ់ទៅលើមេឃចំនួនពីរគ្រាប់ និងបាញ់ផ្ទុបដីចំនួនពីរបីគ្រាប់ថែមទៀត គឺចំប្រឡោះជើងរបស់ពួកគាត់ដែលកំពុងភ្ជួរដីនោះ។
ជនរងគ្រោះបានបញ្ជាក់បន្ថែមថា ក្រោយបាញ់បោះដោយសេរីរួចមន្ត្រីយោធានោះក៍ដើរសំដៅទៅរថយន្តបម្រុងឡើងជិះទៅហើយ ក៏ឃើញយុវជនម្នាក់លើកទូរស័ព្ទថតរូបគាត់ ធ្វើឱ្យមន្ត្រីយោធារូបនោះខឹងបានលើកកាំភ្លើងបាញ់ទៅលើមេឃម្តងទៀតរួចបើកឡានត្រឡប់ទៅវិញបាត់ទៅ បន្ទាប់ពីកើតហេតុជនរងគ្រោះក៍នាំគ្នាទៅប៉ុស្ថិរដ្ឋបាលនគរបាលឃុំត្រពាំងច្រេស ដើម្បីដាក់ពាក្យបណ្តឹង ប៉ុន្តែមន្ត្រីប៉ុស្ថិ៍មិនទទួលរួចប្រាប់ឱ្យទៅអធិការតាហ្មងទៅ ជនរងគ្រោះក៍នាំគ្នាបន្ដទៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីដាក់ពាក្យប្ដឹងមន្ត្រីយោធានោះតែលទ្ធផលនៅពុំទាន់បានដឹងនៅឡើយទេ។
យោងតាមប្រភពពីស្រ្ដីមេម៉ាយម្នាក់ឈ្មោះ ភី វៀន អាយុ៤៨ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានប្រាប់ឱ្យសារព័ត៌មានដឹងថា ដីស្រែនៅទីតាំងខាងលើនោះគាត់បានចូលទៅកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ១៩៩៣មក គឺមានដីស្រែទំហំប្រមាណ៤ហិកតា ដីចំការចន្ទីទំហំប្រមាណ ៣ហិកតា និងដីដាំដំឡូងមីទំហំប្រមាណ២ហិកតា ចាប់ពីពេលនោះគាត់បានអាស្រ័យផលរហូតមកដល់និងពេលនេះពោលគឺជាង៣០ឆ្នាំមកហើយ។
លោកស្រីបន្តថា ក្រៅពីក្រុមគ្រួសារលោកស្រីនៅមានបងប្អូនប្រជាពលរដ្ឋប្រមាណជាងដប់គ្រួសារទៀតដែលបានកាន់កាប់ដី និងអាស្រ័យផលនៅទីនោះ ដោយគ្រួសារខ្លះមានចំនួន២ទៅបីហិកតា ទៅតាមសមាជិកគ្រួសារនិមួយៗដោយបង្កបង្កើនផលចិញ្ចឹមជីវិតរហូតមកពុំដែលមានបុគ្គលណាម្នាក់មករារាំងនោះឡើយ លុះមកដល់ក្នុងអំឡុងឆ្នាំ២០២៤ ដីឡើងថ្លៃ ក៏ ស្រាប់តែលេចមុខមន្ត្រីយោធាមួយក្រុមដឹកនាំដោយលោក ស៊ិន ទូច បានមកអះអាងក្តែងៗថា ដីទាំងអស់នេះជាដីទាហានទៅវិញ ពុំដឹងសម្អាងលើអ្វីនោះទេ ពួកគាត់បានរងកាគំរាមពីសំណាក់យោធាស្រុកកូនមុំជាច្រើនដង តែប្រជាពលរដ្ឋមិនព្រមចាកចេញឡើយ ក៏បានធ្វើឱ្យលោក ស៊ិន ទូច បានយកកាំភ្លើងបាញ់រះជាច្រើនគ្រាប់ ធ្វើឱ្យកូនៗរបស់ពួកគាត់ភ័យស្ទើស្លាប់នៅលើដីនឹងទៅហើយ។
សូមស្តាប់ការរៀបរាប់របស់លោកស្រី ភី វៀន
ពាក់ព័ន្ឋករណីផ្ទុះអាវុធសេរីជាច្រើនគ្រាប់ពីសំណាក់មន្ត្រីយោធា រូបនោះ អង្គភាពយើងបានខលទៅ លោក ស៊ិន ទូច ដើម្បីសុំកាពន្យល់ដែរ តែលោកមិនបាននិយាយពីបញ្ហានេះទេ តែលោកបែជានិយាយបង្វៀងទៅណាឯនោះទៅវិញ រួចក៏បិតទូរស័ព្ទទៅ។
ចំណែក លោក ម៉ុយ សុផាត មេបញ្ជាការតំបន់សឹករងខេត្តរតនគិរី WCV យើងបានព្យាយាមខលទៅដែរប៉ុន្តែលោកថាជាប់រវល់ ។
ផ្ដើមចេញពីការបាញ់គំរាមយកដីប្រជាពលរដ្ឋស្លូតត្រង់នៅស្រុកកូនមុំនោះដែរលោកស្រី ភី វៀន ជាអាណាព្យាបាលយុវជនរងគ្រោះទាំងបីនាក់នោះបានលើកដៃទទូចស្នើសុំ🙏សំណូមពរដល់សម្តេចពុកតេជោរ ហ៊ុន សែន ប្រធានព្រិទ្ឋសភា និងសម្តេច មហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្ដរាគមន៍ក្នុងរឿងនេះផង ព្រោះមន្ត្រីយោធាម្នាក់នេះគេកំពុងប្រើអំណាចដើម្បីរំលោភយកដីស្រែចម្ការប្រជាពលរដ្ឋដែលកំពុងអាស្រាយផលនៅស្រុកកូនមុំនោះហើយ នាងខ្ញុំជាស្ត្រីមេម៉ាយទន់ខ្សោយមិនអាចតតាំងបានទេនិងកំពុងរស់ក្នុងភាពភ័យខ្លាចគ្រប់ពេល ខ្ញុំមិនចង់បាត់បង់ដីនោះទេ សព្វថ្ងៃខ្ញុំរស់បានដោយសារបង្កបង្កើតផលចិញ្ចឹមជីវិតនៅលើដីនោះ មានតែសម្ដេចទាំងពីរទេទើបជាទីពឹងដ៍កក់ក្ដៅតែមួយគត់របស់ប្រជាពលរដ្ឋ។
អង្គភាពសារព័ត៌មានខ្មែរឦសានយើងខ្ញុំផ្សាយតែរឿងពិត មិនមានបំណងញ៉ុះញ៉ង់ ឬបង្ករឱ្យមានផលប៉ះពាល់ដល់ស្ថាប័នណាមួយឡើយ ហើយនឹងរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ៕