ពិតជាអស្ចារ្យមែន! នាយដែនជម្រកស្រែវាលស្រុកឆែបខេត្តព្រះវិហារ ចាំហ្គោនផង ទាត់ខ្លួនឯងទៀត  

 

ព្រះវិហារ៖ តាមប្រភពពីពលរដ្ឋបានរាយការណ៍មកថា ដីព្រៃរាប់រយហិកតាត្រូវបានក្រុមមន្ត្រីដែនជម្រកសត្វព្រៃដីឡង់ នៅចំណុចជាំអំពៅ ជាំត្រាវ ស្រះ៣ ព្រៃវាលព្រិច និងចំណុចក្រសាំង ភូមិឆែប១ ស្រុកឆែប ខេត្តព្រះវិហារ និងបក្សពួកមេឈ្មួញជាច្រើនរូបទៀត ដែលមានលុយមានអំណាច ឃុបឃិតគ្នាជាប្រព័ន្ធឈូសឆាយដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

បើតាមការរៀបរាប់ពីពលរដ្ឋដែលនៅទីនោះបានឱ្យដឹងថា ដីទាំងអស់នេះអ្នកក្រ  និងពលរដ្ឋធម្មតាពុំសូវមានទេ មានតិចតួចគ្រួសារណាស់មកកាប់រានបានតែ១ហិកតា ទៅ២ហិកតាតែប៉ុណ្ណោះ ព្រោះគ្មានលុយទិញបានត្រឹមតែស៊ីឈ្នួលគេតែប៉ុណ្ណោះ ឯដីធំៗត្រូវបានធ្លាក់ទៅលើអ្នកមានលុយ និងមានអំណាច មានងារជាឧកញ៉ាជាដើម។

ពលរដ្ឋក៏ដូចជាមជ្ឈដ្ឋាននានានៅជុំវិញ ស្រុកឆែប ខេត្តព្រះវិហារ បានសុំអំពាវនាវទៅដល់អាជ្ញាធរស្រុក ខេត្ត និងក្រសួងសាមីដែលពាក់ព័ន្ធ សូមដាក់អធិការកិច្ចដើម្បីចុះត្រួតពិនិត្យ ជុំវិញកាឈូសឆាយទន្ទ្រានកាន់កាប់របស់ជនដែលមានអំណាចទាំងនោះ កុំឱ្យរួចផុតពីសំណាញ់ច្បាប់ ជាពិសេសសូមឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាគណៈកម្មការ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមលោកដាក់កាស៊ើបអង្កេតឱ្យបានស៊ីជម្រៅផងទាន និងដាក់ទោសទៅលើជនណាល្មើសច្បាប់ កុំឱ្យគេចផុតពីសំណាញ់ច្បាប់ និងសំណូមពរ ដល់ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយរងខុទ្ទកាល័យ សម្ដេចបវរអធិបតីដ៏ខ្ពង់ខ្ពស់ មេត្តាចុះត្រួតពិនិត្យនិងដាក់ការស៊ើបអង្កេតទៅដល់មន្ត្រីដែនជម្រកសត្វព្រៃ ស្រុកឆែប នេះផងទាន។

ចំពោះករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំរីករាយ និងចូលរួមសហការការ ដើម្បីចង្អុលបង្ហាញនៅភស្តុតាងដែលមានយាមការខាងលើនេះ  និងចូលរួមកម្លាំងជាមួយគណៈកម្មការឯកភាព ខេត្តដើម្បីចុះធ្វើអធិការកិច្ច ជុំវិញការកាប់ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ និងលក់ដូររបស់ជនណាដែលល្មើសច្បាប់មកដាក់ទោសទាន់ឱ្យ​ខាន​តែបាន។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងផ្សាយតែរឿងពិត មិនមានចេតនាញ៉ុះញង់ ឬមួលបង្កាច់អង្គភាព ឬស្ថាប័នណាមួយឡើយ ផ្សាយទៅតាមការពិតនិងក្រមសីលធម៌ វិជ្ជាជីវៈនៃរបបសារព័ត៌មាន ហើយរង់ចាំការបកស្រាយបំភ្លឺបន្ថែមពីគ្រប់ភាគីដែលពាក់ព័ន្ធគ្រប់ពេលនិងម៉ោងធ្វើការ អង្គភាព​យើងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរដែលពាក់ព័ន្ធជាបន្តទៀត សូមអរគុណ៕