ពាក្យចាស់ពោលថាដំរីស្លាប់កុំយកចង្អេរទៅបាំង បងប្អូនទស្សនិកជនបានជ្រាបហើយថាក្រដាសមិនអាចខ្ចប់ភ្លើងបានទេ

ខេត្តព្រះវិហារ ស្រុកឆែប ឃុំឆែបមួយ ៖ ដែនជម្រកសត្វព្រៃ នៅតំបន់ព្រៃឡង់ ដែលស្ថិតក្នុងតំបន់អភិរក្សជីវៈចម្រុះ គ្រប់គ្រងដោយលោក លោក ផឹក វណ្ណៈ និងលោក ហេង តេកឡាយ​ ជានាយដែនបរិស្ថាន​មានស្នាក់ការនៅស្រែវាលនេះ។

ក្រោយពីមានអង្គភាពជាច្រើន បានចុះផ្សាយដោយមានចំណុច ជាំអំពៅ ជាំត្រាវ ស្រះ៣ ព្រៃវាលព្រិច និងក្រសាំង ក្នុងភូមិឆែប១ ដែលមានយូធីអឹម និងយាមកាដូចក្នុងរូបភាព ដែល​បានចុះផ្តិត​ទាំងស្រុងរួមទាំងអង្គភាពខ្មែរឦសានយើង និងជាច្រើនអង្គភាពបានចុះផ្សាយពីសកម្ម​ភាពឈូសឆាយទន្ទ្រានកាន់កាប់របស់មេក្លោមគ្រាក់ៗ យ៉ាងអាណាធិបតេយ្យ ដោយមានការ គប់ឃិតគ្នាជាប្រព័ន្ធហើយនោះ ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោក មឿន សុផេត ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចេញលិខិតបំភ្លឺ​ មានខ្លឹមសារថា៖

ក្រុមការ​ងារអ្នកសារព័ត៌មាន មិនបានចូលរួមចុះទៅជាមួយក្រុមការងាររបស់លោកនោះទេ​ដោយអ្នកសារសារព័ត៌មានយើង ជាច្រើនអង្គភាពរង់ចាំតែចូលរួមសហការនៅ​ពេល​ដែល​មានគណៈកម្មការឯកភាពមានលោកអភិបាលខេត្ត អភិបាលស្រុក និងក្រសួងសាមីដែលពាក់ព័ន្ធ និង​គណៈកម្មការឯកភាពថ្នាក់ជាតិចុះមកដល់ទីតាំងជាក់ស្ដែង។

អង្គភាពយើងខ្ញុំក៏ដូចជាអង្គភាពនានាដែលបានចុះផ្សាយ សូមជម្រាបជូន ទៅដល់លោកប្រធានមន្ទីរ និងសាធារណជន ឱ្យបានជ្រាបជាព័ត៌មាន ក្នុងខ្លឹមសារការផ្សព្វផ្សាយ របស់អង្គភាពយើងខ្ញុំ ក៏ដូចជាអង្គភាពព័ត៌មាននានា ពុំមានព័ត៌មានណាដែលមិនពិត​ដូចសេចក្តីបំភ្លឺរបស់​ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារនោះឡើយ សូមពិនិត្យរូបភាពនិងខ្លឹមសារ លេខយាមការ ច្បាស់លាស់ យូធីអឹម ពិតប្រាកដ និងផែនទី មកជាប់ជាមួយ អ្វីហៅថាព័ត៌មានមិនពិត។

អ្វីដែលខ្លឹមសារក្នុងលិខិតបំភ្លឺ របស់ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារថា ដីទាំងនោះជាដីរបស់ពលរដ្ឋ៦គ្រួសារទន្ទ្រានអាស្រ័យ ដូច្នេះក្រុមអ្នកសារព័ត៌មានយើងសុំសួរទៅលោកប្រធានមន្ទីរបរិស្ថានថា តើពលរដ្ឋ៦គ្រួសារទន្ទ្រានបានម្នាក់ប៉ុន្មានរយហិកតា ទើបដីរបស់រដ្ឋនេះ ក្លាយជាវាលរហោឋានអស់ទៅហើយ សូមលោកជួយបកស្រាយឱ្យបានពិស្ដារ និងជាក់លក្ខដល់ក្រុមអ្នកសារព័ត៌មានយើង ក៏ដូចជាមជ្ឈដ្ឋាននាៗកុំឱ្យមានការយល់ច្រឡំ តើពលរដ្ឋ ៦គ្រួសារនេះហ៊ានមកទន្ទ្រានក្នុងដែនសមត្ថកិច្ចការពារដោយព្រះរាជក្រឹត្យផងនោះ។

តើមូលហេតុអ្វី បានជាលោក ហេង តេកឡាយ និងលោក ផឹក វណ្ណៈ មើលមិនឃើញការទន្ទ្រានកាន់កាប់លើដីរបស់រដ្ឋទៅវិញ ហើយចោទថា អ្នកសារព័ត៌មានផ្សាយបំភ្លើសព័ត៌មាន ផ្សាយព័ត៌មានមិនពិត ដូច្នេះហើយអង្គភាពសារព័ត៌មានយើង រួមទាំងជាច្រើនអង្គភាព រង់ចាំ និងរីករាយសហការជានិច្ចជាមួយកម្លាំង គណៈកម្មការឯកភាព ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ឯក សៅ សុខា ដែលជាគណៈកម្មការឯកភាពបង្ក្រាបបទល្មើសទូទាំងព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប៉ាន់ ខែមប៊ុនថន រងខុទ្ទកាល័យបវរធិបតីហ៊ុនម៉ាណែតដ៏ខ្ពង់ខ្ពស់ ​រួម​ទាំងឯកឧត្តម អ៊ាង​ សុផល្លែត ដាក់មន្ត្រីអធិការកិច្ចចុះ ស៊ើបអង្កេតជាក់ស្ដែងនិងកងឯកភាព ខេត្ត និងស្រុកចុះដើម្បីពិនិត្យបង្ហាញ ទីតាំងមានភាពជាក់លាក់និងច្បាស់លាស់ ទៅតាមយាមការនិងយូធីអឹដែលមានខាងលើ។

អង្គភាព​យើង​ក៏​ដូចជាមជ្ឈដ្ឋាននានា​ និងពលរដ្ឋ​ដែលរស់នៅជុំវិញស្រុកឆែបខេត្តព្រះវិហារ រង់ចាំមើលចំណាត់ការ ការបង្ក្រាបបទល្មើសទន្ទ្រានកាន់​កាប់ដីព្រៃរបស់រដ្ឋ ឱ្យមានប្រសិទ្ធភាពនិង​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់។

បាទទស្សនិកជនជាទីរាប់អានដែលនិយមចូលចិត្តតាមដាន រាល់ផ្សាយរបស់អង្គភាពខ្មែរឦសានយើង ផ្សាយតែរឿងពិតពុំមានចេតនាញុះញង់ ឬមួលបង្កាច់ទៅដល់អង្គភាពស្ថាប័នណាមួយឡើយ ផ្សាយទៅតាមក្រមសីលធម៌វិជ្ជាជីវៈនៃរបបសារព័ត៌មានអង្គភាពយើងរង់ចាំបកស្រាយបំភ្លឺបន្ថែម​ពីគ្រប់​ភាគី​ដែល​ពាក់​ព័ន្ធគ្រប់ពេល និងម៉ោងធ្វើការសូមអរគុណ៕