
គេចមិនរួចទេ បើទោះជាត្រូវចូលពួនក្នុងលូក៏មុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្មនៅក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
បាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញា លួចទូរស័ព្ទ និងកាច់សោរលួចម៉ូតូ ក្នុងក្រុងបាត់ដំបងត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ដេញតាមប្រម៉ាញ់ជនសង្ស័យរត់ចូលពួនក្នុងលូ អស់រយៈពេល៦ម៉ោងទើបឃាត់ខ្លួនជនសង្ស័យបាន នៅវេលម៉ោង២និង៣០នាទី រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ចំណុច ក្នុងផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការបង្ក្រាបករណីនេះ កម្លាំងនគរបាលខេត្តបាត់ដំបង បានប្រើម៉ូទ័របុកបេតុង ចោះលូ និងលួងលោម រហូតដល់ជនសង្ស័យទន់ចិត្ត និងអស់ជម្រើសក៍ចេញពីក្នុងលូ ប្រគល់ខ្លួនឲ្យសមត្ថកិច្ចឃាត់ខ្លួន បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រឿន រដ្ឋា ហៅ កូ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្នុងស្ថានីយរថភ្លើង ខេត្តបាត់ដំបង។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង យកទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តបាត់ដំបង ចាត់ការបន្តទៅតាមនិតិវិធី៕
អត្ថបទដោយ ខ្មែរឦសាន ខេត្តបាត់ដំបង