សមត្ថកិច្ច​ឆ្លើយ​ដាក់​គ្នា ចំពោះ​សិប្បកម្ម​កែច្នៃ​ឈើរីកដូចផ្សិត​នៅក្នុង ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ

កំពង់ធំ៖  កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពយើងបានចុះទៅ​ផ្ដិតយករូបភាពផ្ទាល់​ តាម​សិប្បកម្ម ក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ  ឃើញមានចំនួនប្រ​ហែល​ជាង១០០​សិប្បកម្ម ​ផ្ទុកទៅដោយឈើហ៊ុប មុខកាត់ធំៗជាច្រើនកំណាត់​ ដូចជា​អ្វីដែល​ប្រជា​ពលរដ្ឋបានរាយការណ៍មែន។

សិប្បកម្មជាច្រើនកន្លែងរីកដូចផ្សិត ផ្ទុកទៅដោយឈើមូលខុសច្បាប់រាប់ពាន់កំណាត់ ដែលគេដែលពួកគេដឹកចេញពីក្រៅយកចូលមកដាក់ក្នុងសិប្បកម្ម ក្នុងភូមិទួលដំណាក់នេះ ដោយ​សេរី ដូចជា​មិនញញើត ​នឹងអាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ  នាយសង្កាត់ នាយផ្នែករដ្ឋបាលព្រៃឈើសោះ។

ជាការពិតណាស់ រាល់បញ្ហាបទល្មើស ព្រៃឈើកើតនៅកន្លែងណាក៏​ដោយ ក៏សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចបវធិបតី ហ៊ុន ម៉ាណែត សម្ដេចបានដាក់បទបញ្ជារ យ៉ាងតឹងរឹង​ដល់មន្ត្រីក្រោមឱវាទឲ្យអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងក្តៅគគុកបានត្រឹមតែមួយចំអិនកំពឹសតែប៉ុណ្ណោះ។

ជាក់ស្ដែងអង្គភាពខ្មែរឦសាន្តយើងខ្ញុំបានចុះទៅផ្ដិតយករូបភាពផ្ទាល់ឃើញពិតប្រាកដ ហើយ​ក៏​បាន​សុំការបំភ្លឺ ពីលោក មេឃុំ ចុងដូង លោកបានឆ្លើយប្រាប់អង្គភាពយើងថា ឥឡូវនេះតិចហើយ បើពីមុនបានច្រើនមែន ជាង២០០រោងឯណោះ។

លោកបានបន្តថា គេរៀបជាសហគមន៍ហើយបង់ចូលទៅនាយសង្កាត់ចុងដូង តែឥឡូវនៅសល់ប្រហែលជាង 100 រោងទេ តែរហូតដល់ពេលនេះលោកពុំដឹងព័ត៌មានច្បាស់នៅឡើយ ​ទេ​ ព្រោះឥឡូវគេធ្វើអនាធិបតេយ្យយូរៗឃើញមានមេព្រៃចុះបង្ក្រាបម្ដងម្កាលដែរ តែលោកពុំក្តាប់បានព័ត៌មានយ៉ាងណានោះទេ។

លោកមេឃុំចុងដូងបានបន្ថែមទៀតថា ពិតជាមានបទល្មើសសិប្បកម្មនៅតាមផ្ទះក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នេះពិតជាគ្មានច្បាប់ព្រោះអ្នកក្រៅចេះតែដឹកមកលក់ឱ្យ  ដូច្នេះពលរដ្ឋនៅទីនេះ ចេះតែទទួលទិញដើម្បីកែច្នៃឲ្យទៅជាគ្រឿងសង្ហារឹមផ្សេងៗពិតប្រាកដមែន។

សូមបញ្ជាក់ផងដែរដែរថា សិប្បកម្មទាំងនេះរីកសាយដូចផ្សិត នៅទល់មុខសាលាឃុំ ចុងដូង ជិតប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំចុងដូង ហ្នឹងទល់មុខ ផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ថ្ម ។

ចំពោះ​ករណី​ខាងលើ​នេះ​ដែរ អង្គភាពយើងបានខលទំនាក់ទំនងទៅលេខទូរសព្ទ 071 24 62 515 លោកឆ្លើយថា មិនមែនជាហ្សូន របស់លោកទេ ហើយលោកឆ្លើយបន្តដាក់គ្នា អង្គភាពយើងសុំលេខ ទំនាក់ទំនង ទៅនាយខណ្ឌរដ្ឋបាលព្រៃឈើ តែគ្មានលេខអង្គភាពយើងខ្ញុំ សុំលេខពីម្ចាស់ លេខ 071 24 62 515 គាត់ឆ្លើយថា គាត់គ្មានលេខនាយខណ្ឌទេ ម្យ៉ាងទៀតគាត់នៅក្រៅតំបន់សេវាផង មិនអាចឆែកលេខ​តាម​តេលេក្រាម​បានទេ។

ចំពោះករណីខាងលើនេះដែរ​អង្គភាព​យើង​ខ្ញុំ​ក៏​សុំ​ការ​បំភ្លឺពី រដ្ឋបាលព្រៃឈើ សួនបណ្ដុះកូនឈើ សម្ដេច ហ៊ុន សែន ទួលដំណាក់ ផ្នែកសួនបណ្ដុះកូនឈើ គាត់ឆ្លើយដាក់គ្នាថា គាត់មិនមែនជាអ្នកបង្ក្រាបទេ ផ្នែកគាត់ជាផ្នែកបណ្ដុះកូនឈើ ផ្នែកគេនៅកំពង់ថ្មជាអ្នកបង្រាប។

ប្រភពពីពលរដ្ឋ និងមជ្ឈដ្ឋាននានាសូមសំណូមពរ ទៅដល់ឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សុខា ដែលលោកជាគណៈកម្មការឯកភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ ទូទាំងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឧត្តមស្នងការ ដែលលោកជាគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងខេត្តកំពង់ធំ សូមលោកដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅផងទាន។

ចំពោះភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំនេះ ទៅតាមអនុសាសន៍របស់រាជរដ្ឋាភិបាលដាក់បទបញ្ជា ឲ្យបង្ក្រាបបទល្មើសយ៉ាងម៉ឺងម៉ាត់ តែផ្ទុយទៅវិញបទល្មើស​​ព្រៃឈើ​ដឹកចូលសិប្បកម្ម កើតឡើងជាច្រើន ចូលទាំងយប់ទាំងថ្ងៃ ដោយមិនរំខានដល់សមត្ថកិច្ចតាមដងផ្លូវឡើយ។

ប្រជាពលរដ្ឋនៅតំបន់នោះរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរ សមត្ថកិច្ចដែលពាក់ព័ន្ធ បង្ក្រាបបទល្មើសធនធានធម្មជាតិ តើបង្រ្កាបបទល្មើសទាំងនេះមាន ប្រសិទ្ធភាពដូចប្រសាសន៍រាជរដ្ឋាភិបាលលោកបានដាក់ឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រសិទ្ធភាពដែរឬទេ? ឬមួយជាឆ្នាំងបាយរបស់អស់លោកសមត្ថកិច្ច ដូចពាក្យពលរដ្ឋដាក់ការសង្ស័យមែន ឬយ៉ាងណា?

ជុំវិញករណីបទល្មើសសិប្បកម្ម ខាងលើនេះអង្គភាពគេហទំព័រខ្មែរឦសាន យើងខ្ញុំផ្សាយតែ រឿងពិត ពុំមានចេតនាញុះញង់មួលបង្កាច់ ធ្វើឱ្យប៉ះពាល់ដល់ដល់អង្គភាព ឬស្ថាប័នដែលពាក់ព័ន្ធណាឡើយ ផ្សាយតាមក្រមសីលធម៌និងវិជ្ជាជីវៈនៃ របបសារព័ត៌មាន អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយពីគ្រប់ភាគីដែលពាក់ព័ន្ធ គ្រប់ពេលនិងម៉ោងធ្វើការ សូមអរគុណ៕

អត្ថបទដោយខ្មែរសាន