
ចាប់ឡានបែនខ្នាតយក្សមួយគ្រឿងកំពុងតែធ្វើសកម្មភាពលើកបទល្មើសព្រៃឈើ នៅចំណុចភូមិសែនរុងរឿងពីរ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ព្រះវិហារ៖ កម្លាំងទាហានស៊ុបខេត្តព្រះវិហារ បានសហការជាមួយព្រះរាជអាជ្ញាចាប់ឡានបែនយក្សកំពង់តែធ្វើសកម្មភាពលើកបទល្មើសព្រៃឈើដាក់ឡាន នៅវេលាម៉ោង៣:៤៦នាទីល្ងាច កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
តាមប្រភពពីអាជ្ញាធរបានប្រាប់មកកាន់អង្គភាពសារព័ត៌មានខ្មែរឦសានថា នៅរសៀល ថ្ងៃទី២៦ខែធ្នូ ឆ្នាំ ២០២៤ កម្លាំងព្រះរាជអាជ្ញាខេត្តព្រះវិហារបានសហការជាមួយទាហានស៊ុបខេត្តព្រះវិហារព័ទ្ធចាប់ឡានបែន មួយគ្រឿងដែលសកម្ម ក្នុងការដឹកបទល្មើសព្រៃឈើរាប់ឆ្នាំមកហើយ ពេលនេះត្រូវជាប់អន្ទាក់របស់សមត្ថកិច្ច។
ប្រភពបានបន្តថា ឡានបែនខ្នាតយក្សនេះកំពុងតែលើកបទល្មើសព្រៃឈើ នៅចំណុចភូមិរុងរឿងពីរ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមេឈ្មួញមានឈ្មោះ ចាន់ណា រស់នៅ ភូមិខ្នាថ្មី សង្កាត់ច្រៀវ ក្រុងសៀមរាប ខេត្តសៀមរាប មានដេប៉ូដ៏ធំមួយ នៅខាងត្បូងបុរីសៀងណាំ ដែលប្រជាពលរដ្ឋធ្លាប់ស្គាល់ថា ជាមេបទល្មើសព្រៃឈើយ៉ាងសកម្ម រាប់ឆ្នាំមកហើយពុំដែលមានសមត្ថកិច្ចតាមដងផ្លូវឬក៏អាជ្ញាធរពាក់ព័ន្ធណារំខានបានឡើយ។
ប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់មកអង្គភាពយើងថា មេឈ្មោះរូបនេះមុននឹងចេញក្បួនឡានបែនខ្នាតយក្សម្ដងៗ មេឈ្មួញរូបនេះតែងតែជិះឡានបាឡែនពណ៌(ស)របស់ខ្លួនរត់ការមើលផ្លូវមុនសិន ឡានដែលរត់ការនោះពាក់ស្លាកលេខ 04 02 ។ មេឈ្មួញ រូបនេះពុំខ្លាចអ្វីទាំងអស់ ដោយសារគាត់បានរត់ការតាមដងផ្លូវរួចជាមុនទើបក្បួនឡានបែនខ្នាតយក្សចេញតាមក្រោយ។
រហូតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះដល់ថ្ងៃអន្សារ ត្រូវជាប់អន្ទាក់របស់ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងកម្លាំងទាហានស៊ុប ខេត្តព្រះវិហារ ព័ទ្ធចាប់បាននៅពេលកំពង់ធ្វើសកម្មភាពលើកបទល្មើសព្រៃឈើដាក់លើឡាន ហើយកំពុងតែសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ផ្លូវច្បាប់។
ប្រជាពលរដ្ឋ រស់នៅតំបន់នោះបានអរគុណទៅដល់ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងកងកម្លាំងស៊ុប ខេត្តព្រះវិហារ ដែលបានបង្ក្រាបបទល្មើសព្រៃឈើដែលរ៉ុំារ៉ៃយូរឆ្នាំពុំដែលបង្ក្រាបបាននោះ ព្រោះមេឈ្មួញរូបនេះធ្វើសកម្មភាពលើបទល្មើសព្រៃឈើខ្នាតយក្ស ពុំដែលត្រូវបានសមត្ថកិច្ចបង្ក្រាបបាននោះទេ តែពេលនេះប្រជាពលរដ្ឋមានការអបអរសាទរជាខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបាន ដែលចាប់បានមេឈ្មួញបទល្មើសព្រៃឈើ ឈ្មោះ ចាន់ណា នេះ។
ប្រជាពលរដ្ឋបន្តថា សុំសំណូមពរឯកឧត្តមនាយឧត្តមសេនីយ៍ សៅសុខា ដែលជាគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ លើផ្ទៃប្រទេស ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ ឯកឧត្តម កង សៅគុណ ដែលជាគណៈកម្មការឯកភាពកងរាជអាវុធហត្ថ និងឯកឧត្តមលោកស្នងការក្នុងខេត្តព្រះវិហារ សូមចាត់វិធានការណ៍ឱ្យបានម៉ឺងម៉ាត់ទៅលើសកម្មភាពបទល្មើសព្រៃឈើផ្សេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺនៅក្នុងខេត្តព្រះវិហារនេះតែម្តង ព្រោះបើសិនយើងនាំគ្នាថែរក្សាព្រៃឈើវាជួយយើងបានច្រើនលើបរិស្ថានទៅលើការបម្រែបម្រួលអាកាសធាតុ និងក៏អាចលក់កាបូនឱ្យទៅលើពិភពលោកបានដែរ។
កន្លងមកតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលបានប្រកាស មិនឱ្យមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មព្រៃឈើ ដោយខុសច្បាប់ត្រូវតែបង្ក្រាបឱ្យបានជាដាច់ខាត។
ជុំវិញករណីបទល្មើសព្រៃឈើខាងលើនេះអង្គភាពគេហទំព័រខ្មែរឦសាន យើងខ្ញុំផ្សាយតែ រឿងពិត ពុំមានចេតនាញុះញង់មួលបង្កាច់ ធ្វើឱ្យប៉ះពាល់ដល់ដល់អង្គភាព ឬស្ថាប័នដែលពាក់ព័ន្ធណាឡើយ ផ្សាយតាមក្រមសីលធម៌និងវិជ្ជាជីវៈនៃ របបសារព័ត៌មាន អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយពីគ្រប់ភាគីដែលពាក់ព័ន្ធ គ្រប់ពេលនិងម៉ោងធ្វើការ សូមអរគុណ៕
អត្ថបទដោយខ្មែរឦសាន