
ផ្លូវក្រាលក្រួសក្រហមមួយខ្សែរកំពុងតែស្ថាបនាឡើងវិញសម្រាប់ជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋចំនួនជាងមួយពាន់គ្រួសារ នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី
រតនគិរី៖ ផ្លូវលំមួយខ្សែរក្រាលគ្រួសក្រហមមានប្រវែងសរុប19km ចាប់ផ្តើមស្ថាបនាឡើងវិញ ឆ្ពោះទៅដល់ព្រំប្រទល់ខេត្តរតនៈគិរី និងខេត្តស្ទឹងត្រែង ជូនដល់ប្រជាពលរដ្ឋជាងមួយពាន់ គ្រួសារ នឹងជួសជុលឱ្យរួចរាល់ក្នុងឆ្នាំ2025ខាងមុខនេះ។
ផ្លូវក្រាលក្រួសក្រហម លេខ3781B មានប្រវែង 19km ទទឹង 8 m ដែលតភ្ជាប់ពីផ្លូវជាតិ DBST លេខ78 ឆ្ពោះទៅដល់ព្រំប្រទល់ខេត្តរតនៈគិរី និងខេត្តស្ទឹងត្រែងជាប់ស្នាក់ការកងរាជអាវុធហត្ថក្របីជ្រុំលេខ781 ព្រំប្រទល់ភូមិក្របីជ្រុំ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលកំពង់សាងសង់ជិតរួចរាល់ហើយ។
យោងតាមប្រភពពីលោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ២០២៤ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំថា ផ្លូវក្រួសក្រហម១ខ្សែនេះ មានប្រវែងសរុប 19km ដែលសម្គាល់ លេខ3781B បើកមុខ20m គិតចាប់ពីចិញ្ចើមប្រឡាយទាំងសង្ខាង និងសាច់ទ្រូងផ្លូវទទឹង 8m ជួសជុលឡើងវិញដោយមន្ទីរសាធារណការ ខេត្តរតនគិរី ជាគម្រោងរបស់ថវិកាជាតិ ដោយពុំអាចបញ្ជាក់តម្លៃបាននោះទេ។
លោកប្រធានមន្ទីរបន្តថា ផ្លូវមួយខ្សែនេះនៅសល់ 8.350Km ប៉ុណ្ណោះ នឹងជួសជុលដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង ហើយនឹងត្រូវជួសជុលឱ្យរួចរាល់ក្នុងឆ្នាំ2025ខាងមុខនេះ។
លោក លឹម វិចិត្រ មន្ត្រីបច្ចេកទេសប្រចាំនៅការដ្ឋានជួសជុលផ្លូវផ្ទាល់ បានបញ្ជាក់មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំនៅថ្ងៃទី២៨ ដដែលនោះថា ផ្លូវក្រួសក្រហម១ខ្សែនេះ ត្រូវឆ្លងកាត់លូចំនួន 24កន្លែង បើបូកនិងលូកោងថ្មី របស់លោក ស៊ុន ប៉ូលីន អតីតប្រធានមន្ទីរសាធារណការមុនចំនួន១ លូដែលសាងសង់ខុសស្តង់ដារគឺមានចំនួន25លូ ឯណោះ។
មេឃុំត្រពាំងក្រហមលោក មាឃ ម៉ី នៅល្ងាចថ្ងៃទី២៨ធ្នូ ដដែលបានបញ្ជាក់ តួលេខស្ថិតិចំនួនប្រជាជនរស់នៅភូមិ3 បច្ចុប្បន្នប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម១ខ្សែ ជាប្រចាំដោយដឹកកសិផលផ្សេងៗមកកាន់ទីផ្សារ ជាពិសេសសិស្សសាលាត្រូវធ្វើដំណើរមកសិក្សារៀនសូត្រ នៅវិទ្យាល័យត្រពាំងក្រហមជាដើម។
លោកមេឃុំបញ្ជាក់ថា គ្រួសារសរុបស្មើ1006គ្រួសារ ក្នុងនោះគ្រួសារអចិន្ត្រៃយ៍ 974 គ្រួសារបណ្តោះអាសន្នចំនួន32គ្រួសារ ដែលមានចំនួនមនុស្សសរុប3854នាក់ ក្នុងនោះស្រី1881នាក់ ក្នុងនាមលោកជាអាជ្ញាធរ ជាឪពុកម្តាយ ប្រជាពលរដ្ឋសូមសម្តែងការអរគុណ នឹងដឹងគុណ ដល់ប្រមុខរាជរដ្ឋាភិបាលដែលបានចំណាយកញ្ចប់ថវិការបស់ជាតិដើម្បីជួសជុលផ្លូវគ្រួសក្រហមមួយខ្សែរនេះឱ្យល្អប្រសើរឡើងវិញ ដើម្បីប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលបានលឿននិងរហ័ស លោកក៍បានអំពាវនាវដល់ពុកម៉ែបងប្អូនរស់នៅក្នុងភូមិ3 ទាំងអស់គ្នាសូមចូលរួមកែលំអ និងថែរក្សាផ្លូវនេះឱ្យបានគង់វង្សនិងយូអង្វែងទាំងអស់គ្នា៕
រាយការណ៍ដោយគេហទំព័រ ខ្មែរឦសាន ផ្សាយចេញពីខេត្តរតនគិរី