ករណីប្រើអំពើហឹង្សាកែនគ្នាមកកាប់ប្តីប្រពន្ធពីរនាក់មកដល់ក្នុងទីតាំងផ្ទះរបស់គេតែម្តង បង្កឱ្យមានការ ភិតភ័យជាខ្លាំង តើភូមិ ឃុំ សុវត្ថិភាពនៅឯណា?

ក្រចេះ៖ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ៣: ៤៥ នាទីរសៀល មានករណីដេញកាប់គ្នា ជនបង្កមានចំនួន ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងប្រុស២នាក់ បានចូលមកកាប់គ្រួសាររបស់លោក ព្រាប ស៊ីណែត និង ប្រពន្ធឈ្មោះ ម៉ក់ ពៅ នៅចំណុចភូមិអូរពោធ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមប្រភពពីជនរងគ្រោះឈ្មោះ ព្រាប ស៊ីណែត បានប្រាប់អង្គភាពសារព័ត៌មានខ្មែរឦសានថា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ៣: ៤៥ នាទីរសៀល ឈ្មោះ ញ៉ិ ស្រី មុំ ទីលំនៅបច្ចុប្បន្ននៅភូមិអូរពោធ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដែលជាមេខ្លោងបាននាំបក្សពួកចំនួន២នាក់ ទី១ ឈ្មោះ សេន មិនស្គាល់ត្រកូល និងទី២ ឈ្មោះ រ៉ុង មិនស្គាល់នាមត្រកូលដូចគ្នា  តែបក្សពួកទាំង២អ្នក រស់នៅក្នុងភូមិទួលមនោរម្យ ស្រុកចិត្តបុរី ខេត្តក្រចេះ ជាមួយគ្នា បច្ចុប្បន្នមកស្នាក់នៅរកស៊ីចំណុចអូរ ក្លែក ក្លក់ ភូមិអូរពោធ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

លោកស្រី ម៉ក់ ពៅ ភរិយារបស់លោក ព្រាប ស៊ីណែត បានប្រាប់មកអង្គភាពយើងថា ស្ត្រីឈ្មោះ ញ៉ិ ស្រីមុំ បាននាំបក្សពួកដេញកាប់គាត់ ដេញកាប់ប្ដីរបស់គាត់ដែលកំពុងតែកាប់រងត្រកួននៅមុខផ្ទះពុំបានដឹងរឿងអ្វីសោះ  កូនប្រុស របស់ជនរងគ្រោះទាំងពីរនាក់ បានប្រាប់មកអង្គភាពយើងខ្ញុំថា ពេលដេញកាប់ឪពុកគាត់មិនបាន ឈ្មោះ រុង នោះក៏ចូលទៅកាប់សសរផ្ទះរបស់គាត់ទៀត  គាត់បានថតសកម្មភាពរបស់ពួកគេ ពួកគេក៏បានយកកាំបិតមកដេញកាប់គាត់រត់ ប្រផាស់ ប្រផីង ធ្វើឱ្យកូនប្រុសរបស់គាត់មានការភិតភ័យជាខ្លាំង។

លោក ព្រាប ស៊ីណែត បានរៀបរាប់បន្ថែមថា ក្រោយពីស្រ្តីឈ្មោះ ញ៉ិ ស្រីមុំ និងបក្សពួកបានត្រឡប់ទៅវិញ គាត់បានទៅដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ លោកបានទទួលពាក្យបណ្តឹង តែមិនទាន់ចាត់ វិធានការអីទៅលើជនបង្ករនៅឡើយ ដោយខ្ញុំបាទបានដាក់ពាក្យបណ្តឹងនោះសរសេរមិនបានក្បោះក្បាយ ក្រោយមកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបានដាក់ពាក្យបណ្តឹងម្តងទៀត ដោយពឹងគេឱ្យសរសេរពាក្យបណ្តឹងនោះម្តងទៀតលោកនាយប៉ុស្តិ៍បានទទួល ហើយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ លោកមេប៉ុស្តិ៍ហៅខ្ញុំទៅប៉ុស្តិ៍រួចលោកប្រាប់ថា ត្រូវមានសាក្សី ដែលឃើញហេតុការនោះទៀត ហើយលោកក៏បានបញ្ជូនសំណុំរឿង របស់ខ្ញុំទៅអធិការដ្ឋានស្រុក។

ប្រភពពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា នាំបក្សពួកចូលកាប់គេយ៉ាងអនាធិបតេយ្យយ៉ាងនេះហើយ គេថតបានវីដេអូច្បាស់ៗបែបនេះហើយ ហេតុអីអាជ្ញាធរមិនមានចាត់វិធានការទៅលើជនបង្ករ ចុះបើជនបង្ករនោះមកកាប់ ឬបៀតបៀនដល់គ្រួសារជនរងគ្រោះម្តងទៀត តើយ៉ាងណាវិញទៅ? តើភូមិឃុំ មានសុវត្ថិភាពដែល សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលលោកទាំងពីរ តែងតែ ឱ្យមន្ត្រី អាជ្ញាធរមូលដ្ឋានត្រូវតែរក្សាឱ្យបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ នោះយ៉ាងណាវិញទៅ?

ចំពោះករណីខាងលើនេះអង្គភាពយើងខ្ញុំ បានធ្វើការសាកសួរទៅកាន់លោក នាយប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ លោកបានមានប្រសាសន៍ថា រឿងពាក្យបណ្តឹង របស់លោក ព្រាប ស៊ីណែត នេះលោកបានបញ្ជូនទៅ អធិការស្រុកអូរគ្រៀងសែនជ័យហើយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានខ្មែរឦសានយើង ពុំអាចធ្វើការទំនាក់ទំនងដើម្បីសាកសួរទៅភាគីជនបង្កបានទេ ព្រោះពុំមានលេខទូរស័ព្ទទំនាក់ទំនង។

លោក ព្រាប ស៊ីណែត និង ភរិយា សុំសំណូមពរអាជ្ញាធរពាក់ព័ន្ធ ពិសេសនោះគឺ អាជ្ញាធរមូលដ្ឋាន មន្ត្រី ប៉ូលីស គ្រប់លំដាប់ថ្នាក់ ដើម្បីវែកមុខរកជនបង្ក ដែលប៉ុនប៉ងមនុស្សឃាត ប្រមាថកាប់ឱ្យស្លាប់មួយពូជ មកដាក់ទោសទាន់ទៅតាមផ្លូវច្បាប់ និងសំណងជម្ងឺចិត្តចំពោះក្រុមគ្រួសារគាត់ផង ព្រោះបច្ចុប្បន្នគាត់កំពង់រស់នៅក្នុងភាពភ័យខ្លាច ដោយជនបង្កមិនទាន់មានទោសទ័ណ្ឌក្នុងផ្លូវច្បាប់នៅឡើយទេ៕

ប្រិយមិត្តដែលនិយមតាមដានការផ្សាយ អង្គភាពគេហទំព័រ សារព័ត៌មានខ្មែរឦសានយើងខ្ញុំ ផ្សាយប្រកបទៅដោយវិជ្ជាជីវៈនិងក្រមសីលធម៌ នៃរបបសារព័ត៌មានអង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ គ្រប់ពេល និងម៉ោងធ្វើការ។